(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកមួយចំនួន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ បានស្រឡាំងកាំង ក្រោយកាសែតអាមេរិកធំៗបាននាំគ្នាចុះផ្សាយនូវ ព័ត៌មានសម្ងាត់ពី «​អាវុធនុយក្លេអ៊ែរអវកាសដ៏អាថ៌កំបាំងមួយ» របស់រុស្ស៉ី។ លោក Mike Turner ជាសមាជិករដ្ឋសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់ និងជាប្រធានគណៈកម្មាធិការ ស៊ើបអង្កេតនៃរដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ បានជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចាត់ទុកព័ត៌មានសម្ងាត់នេះជាការគំរាមសន្តិសុខជាតិធ្ងន់ធ្ងរ និងចាត់ថ្នាក់ថាមិនមែនជាព័ត៌មានសម្ងាត់ ដោយត្រូវប្រាប់ឱ្យប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានដឹង ដើម្បីត្រៀមលក្ខណៈក្នុងការចាត់វិធានការឆ្លើយតប។

ទាំងសេតវិមាន និងក្រសួងការពារជាតិអាមេរិក បានចេញមុខនិយាយបន្ធូរបន្ថយស្ថានការណ៍ថាព័ត៌មានសម្ងាត់នោះមិនមែនជាការគំរាមកំហែងបន្ទាន់ទេ ប៉ុន្តែបានទទួលស្គាល់ថា ការអភិវឌ្ឍទៅមុខរបស់រុស្ស៉ីក្នុងរឿងនេះគឺជាក្ដីព្រួយបារម្ភ។ ចំណែក ខាងវិមានក្រឹមឡាំងតាមរយៈអ្នកនាំពាក្យ លោក Dmitry Peskov បានចាត់ទុកថាការព្រមានរបស់អាមេរិក ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអវកាសរបស់រុស្ស៉ី គឺជាកលល្បិចមួយរបស់សេតវិមានក្នុងគោលបំណងជំរុញឱ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ថវិកាបន្ថែមដើម្បីទប់ទល់នឹង រុស្ស៉ីតែប៉ុណ្ណោះ។

បើតាមកាសែតអាមេរិកធំៗ អាវុធអាថ៌កំបាំងដែលស្ថិតនៅក្រោមផែនការអភិវឌ្ឍ របស់រុស្ស៉ីគឺមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអាវុធនុយក្លេអ៊ែរ នៅអវកាសមានសមត្ថភាពបំផ្លាញ ផ្កាយរណបរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ដូច្នេះតើអាវុធនេះគឺជាអ្វីទៅ? តាមពិតទៅ កាសែតអាមេរិកបានរាយការណ៍ខុសៗគ្នាពីអាវុធដែលរុស្ស៉ីកំពុងអភិវឌ្ឍ ដោយខ្លះថា អាចជា «ផ្កាយរណបដើរដោយថាមពលនុយក្លេអ៊ែរ» ខ្លះទៀតថា ជាអាវុធនុយក្លេអ៊ែរតែម្ដង។ នៅទីនេះមានជម្រើសអាវុធ៣យ៉ាងដែលគេជឿថារុស្ស៉ីកំពុងប្រឹងអភិវឌ្ឍ នោះគឺ អាវុធនុយក្លេអ៊ែរមានសមត្ថភាពកម្ទេចផ្កាយរណបដែលអាចនឹងត្រូវបានដាក់ពង្រាយនៅលើដី។ អាវុធនុយក្លេអ៊ែរដែលអាចនឹងត្រូវបានដាក់ពង្រាយនៅអវកាស និងផ្កាយរណបដើរ ដោយថាមពលនុយក្លេអ៊ែរ។

ប្រសិនបើរុស្ស៉ីមានផែនការដាក់ពង្រាយ និងអភិវឌ្ឍអាវុធប្រឆាំងនឹងផ្កាយរណបក្នុងកម្រិតពេញលេញមួយ នោះវានឹងក្លាយជាការរំលោភបំពានលើសន្ធិសញ្ញាអាវកាស Outer Space Treaty ឆ្នាំ១៩៦៧។ ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ឬអាវុធនុយក្លេអ៊ែរនៅអវកាសក៏ត្រូវបានហាមឃាត់ផងដែរនៅក្រោមសន្ធិសញ្ញា Partial Test Ban Treaty ឆ្នាំ១៩៦៣ ដែលរុស្ស៉ីជាហត្ថលេខីមួយដែរ។ ក្រៅតែទិដ្ឋភាពច្បាប់ អាវុធបែបនេះអាចនឹងបង្កជាគ្រោះមហន្តរាយទៀតផង។ ពោលគឺសារធាតុវិទ្យុសកម្មកើតចេញពីការបំផ្ទុះនុយក្លេអ៊ែរ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផែនប៉ុណ្ណោះទេ តែក៏អាចបំផ្លាញ ឬបង្កការខូចខាតដល់ប្រព័ន្ធអេឡិចត្រូនិកនៅលើផ្កាយរណបស្ទើរតែទាំងអស់ ពាសពេញលំហអាកាសទៀតផង។

នៅពេលសហរដ្ឋអាមេរិក ដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅរយៈកម្ពស់ខ្ពស់ក្នុងឆ្នាំ១៩៦២ ឬក៏គេស្គាល់ថា Starfish Prime សារធាតុវិទ្យសកម្មភាពភាយចេញពីការធ្វើតេស្ដនេះ បានបំផ្លាញ ឬធ្វើឱ្យខូចខាតដល់ ១ភាគ៣ នៃផ្កាយរណបទាំងអស់នៅក្នុងគន្លងទាបរបស់ផែនដី ( LEO)។ ប្រសិនបើរុស្ស៉ីដឹកនាំការធ្វើតេស្ដដូចគ្នានេះដែរ ក្នុងពេលបច្ចុប្បន្ន ខណៈ មានផ្កាយរណបកំពុងដំណើរការជាង ៨,៣០០គ្រឿង នៅក្នុងគន្លងទាបរបស់ផែនដី នោះវាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្កាយរណបរបស់អាមេរិក ប៉ុណ្ណោះទេ តែក៏បង្កផលប៉ះពាល់ ដល់ផ្កាយរណបរបស់រុស្ស៉ីខ្លួនឯង ចិន និងបណ្ដាប្រទេសដទៃទៀត ព្រមទាំងប៉ះពាល់ដល់ស្ថានីយអវកាសអន្តរជាតិ (International Space Station) ជាទីដែលរុស្ស៉ីមាន អវកាសយានិក៣នាក់នៅលើនោះ ខណៈស្ថានីយអវកាសចិន Tiangong មានអវកាសយាននិក៣នាក់។

តាមក្រុមអ្នកជំនាញអាមេរិក ផ្កាយរណបយោធា និងផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក ជាពិសេសគឺផ្កាយរណបដែលត្រូវបានប្រើសម្រាប់បញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ មានប្រព័ន្ធអេឡិចត្រូនិកអាចទ្រាំទ្រនឹងសារធាតុវិទ្យុសកម្ម តែចំពោះផ្កាយរណបធម្មតាវិញគឺមិនអាចនោះទេ។ ម្យ៉ាងវិញទៀត បើការវាយប្រហារណាមួយពិតជាកើតឡើង អ្នកដែល ទទួលផលគឺកូរ៉េខាងជើង និងអ៉ីរ៉ង់ទៅវិញ ព្រោះប្រទេសទាំង២នេះមានការផ្កាយរណបតិចតួចប៉ុណ្ណោះដែលនៅពេលមានជម្លោះផ្ទុះឡើង ពួកគេគ្មានអ្វីត្រូវបារម្ភពីការខាតបង់ ច្រើននោះទេ។

លោក Matthew Bunn មកពីសាកលវិទ្យាល័យ Harvard បានកត់សម្គាល់ថាគោលបំណងណាមួយរបស់រុស្ស៉ី ដាក់អាវុធ ឬគ្រាប់បែកនុយក្លេអ៊ែរទៅដាក់នៅអវកាស ជាជាង ការប្រើប្រាស់មីស៊ីលដែលមានស្រាប់នៅលើដី អាចបង្កគ្រោះថ្នាក់ដល់ផ្កាយរណបនៅក្នុងគន្លងគោចរជុំវិញផែនដី geosynchronous orbit (GEO) ដែលស្ថិតនៅចម្ងាយ ៣៦,០០០គីឡូម៉ែត្រ ពីផ្ទៃផែនដី ហើយមីស៊ីលនុយក្លេអ៊ែរសព្វថ្ងៃមិនអាចបាញ់ដល់រយៈកម្ពស់នេះទេ។ ផ្កាយរណបជាច្រើននៅក្នុង GEO គឺមានសារៈសំខាន់យ៉ាងខ្លាំងដល់ ប្រព័ន្ធអេឡិចត្រូនិកជាច្រើន ជាពិសេគឺប្រព័ន្ធព្រមានពីការវាយប្រហារមីស៊ីលតែម្ដង។ ផ្កាយរណបស៊ើបការណ៍ និងផ្កាយរណបយោធារបស់សហរដ្ឋអាមេរិក សំខាន់ៗជាច្រើន ក៏ស្ថិតនៅក្នុងគន្លងគោចរជុំវិញផែនដីនេះដែរ។

នៅក្នុងទ្រឹស្តីមួយផ្សេងទៀត បើតាមសេចក្ដីរាយការណ៍នៃកម្មវិធី News Hour របស់ទូរទស្សន៍អាមេរិក​ PBS រុស្ស៉ីមានគោលបំណងដាក់ពង្រាយផ្កាយរណបដើរដោយថាមពល នុយក្លេអ៊ែរ ភ្ជាប់ជាមួយសមត្ថភាពសង្រ្គាមអេឡិចត្រូនិក។ គោលដៅនៃការវាយប្រហារអេឡិចត្រូនិក គឺបំផ្លាញការបញ្ជូនសញ្ញា ឬព័ត៌មានពីគោលដៅត្រូវបានកំណត់ដោយផ្កាយរណប ទៅកាន់ផែនដីវិញ។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងរុស្ស៉ី សុទ្ធតែមានកម្មវិធីសង្រ្គាមអេឡិចត្រូនិកដែលអាចកំណត់គោលដៅលើផ្កាយរណបបាន។ ការកំណត់គោលដៅវាយប្រហារលើផ្កាយរណបចេញពីលំហអាកាសផែនដី គឺជារឿងមួយដ៏ពិបាក ប៉ុន្តែវានឹងក្លាយជារឿងងាយស្រួលបើគេអាចយកអាវុធទៅដាក់នៅជិតគោលដៅ។ រុស្ស៉ីកន្លងមក ក៏ត្រូវបានគេរាយការណ៍ដែរថាបានស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអាវុធបែបនេះ។ តួយ៉ាង របាយការណ៍មួយស្ដីពីសមត្ថភាពប្រឆាំងផ្កាយរណប ចេញផ្សាយដោយ អង្គការ Secure World Foundation កាលពីឆ្នាំ២០២៣ បានឱ្យដឹងថា «មានភស្តុតាងថ្មីៗជាច្រើនអាចសន្មត់បានថារុស្ស៉ីប្រហែលជា កំពុងអភិវឌ្ឍកម្មវិធីសង្រ្គាមអេឡិចត្រូនិក ដំណើរការដោយថាមពលខ្ពស់នៅអវកាស ដើម្បីបន្ថែមឫទ្ធអំណាចបន្ថែមដល់កម្មវិធីសង្រ្គាមអេឡិចត្រូនិកដែលមានស្រាប់នៅលើផែនដី។ ក្នុងឆ្នាំ២០១៩ ទស្សនាវដ្ដី Space Review បាននិយាយថាផ្កាយរណបដើរដោយថាមពលនុយក្លេអ៊ែរដែលគេដាក់ឈ្មោះឱ្យថា Ekipazh ដែលត្រូវបានរុស្ស៉ីអភិវឌ្ឍឡើង សម្រាប់វត្ថុបំណងមួយនេះ។

មិនតែប៉ុណ្ណោះ លោក Dmitry Stefanovich អ្នកវិទ្យាសាស្ត្ររុស្ស៉ីម្នាក់ក៏បានលើកឡើងដែរពីគម្រោងដាច់ដោយឡែកមួយផ្សេងទៀតរបស់រុស្ស៉ីមានឈ្មោះ Zeus ដែលជាគម្រោង អភិវឌ្ឍឱ្យបានផ្កាយរណបដើរដោយថាមពលនុយក្លេអ៊ែរ នៅប្រហែលឆ្នាំ២០៣០ ដែលមានសមត្ថភាពជាច្រើន ក្នុងនោះរួមការបញ្ឈប់ដំណើរការរបស់ផ្កាយរណបដទៃ។

គួរបញ្ជាក់ថា បច្ចេកវិទ្យាប្រើប្រាស់រេអាក់ទ័រនុយក្លេអ៊ែរក្នុងផ្កាយរណប មិនមែនជារឿងថ្មីថ្មោងទេ។ សហរដ្ឋអាមេរិកធ្លាប់បានដាក់រេអាក់ទ័រនុយក្លេអ៊ែរមួយនៅអវកាស ក្នុងឆ្នាំ១៩៦៥ រីឯអតីតសហភាពសូវៀតបានដាក់ផ្កាយរណបដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤គ្រឿងនៅអវកាសផងដែរ។ ផលប្រយោជន៍របស់ផ្កាយរណបបែបនេះ គឺអាចបង្កើតថាមពលយ៉ាង សន្ធឹកសន្ធាប់ ដែលធ្វើឱ្យផ្កាយរណបសូវៀតអាចផ្ដល់ថាមពលដ៏ខ្លាំងក្លាដល់ប្រព័ន្ធរ៉ាដា។ ប៉ុន្តែ សព្វថ្ងៃ បច្ចេកវិទ្យាបែបនេះអាចនឹងផ្ដល់ឱ្យរុស្ស៉ីនូវសមត្ថភាពបំផ្លាញ ឬធ្វើឱ្យផ្កាយរណប ដទៃគាំងដំណើរការ ហើយបើរុស្ស៉ីអាចយកវាទៅដាក់នៅគន្លងគោចរជុំវិញផែនដី geosynchronous បានថែមទៀត នោះវានឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សមត្ថភាព ប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។

តាមលោក James Acton ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន មានហេតុផលមួយដែលជំរុញឱ្យរុស្ស៉ីមានចំណាប់អារម្មណ៍ លើការបង្កើតប្រព័ន្ធអាវុធនៅអវកាស ប្រឆាំងផ្កាយរណប នោះគឺដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យោធាអាមេរិកបានបង្កើនការផ្ដោតអារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យា ផ្កាយរណជាក្រុម ដូចជាផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ផ្កាយរណបច្រើន ឬជាក្រុមដែលអាចមានផ្កាយរណបរាប់ពាន់ គឺមិនអាចទៅរួចទេក្នុងការកម្ទេចម្ដងមួយៗ។ ប៉ុន្តែការវាយប្រហារអេឡិចត្រូនិកទ្រង់ទ្រាយធំគឺជាបញ្ហាចោទផ្សេងមួយ ទៀត៕