(ហ្គាហ្សា)៖ ក្រសួង​សុខាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ហ្គាហ្សា​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះថា ចំនួន​អ្នក​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន ​ដែល​បណ្តាលមកពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ដែល​កំពុង​បន្ត​លើ​តំបន់​ហ្គាហ្សា​ បាន​កើន​លើស ២៩,០០០ នាក់​ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និងរងរបួសចំនួន ១៤៥ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ការធ្វើបច្ចុប្បន្នភាពចុងក្រោយនេះ នាំមកនូវចំនួនអ្នកស្លាប់ និងរបួសសរុបដល់ទៅ ២៩,០៩២ នាក់បានស្លាប់ និង ៦៩,០២៨ នាក់រងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

របាយការណ៍បានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះបន្ទាន់។

អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០ នាក់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

រូបភាពពីស៊ីនហួរ