(ហ្គាហ្សា)៖ អ៊ីស្រាអែល នៅថ្ងៃចន្ទនេះបានថ្កោលទោសប្រធានាធិបតីប្រេស៊ីល ចំពោះការប្រៀបធៀបសង្រ្គាមនៅហ្គាហ្សា ទៅនឹងអំពើប្រល័យពូជសាសន៍របស់ Adolf Hitler ប្រឆាំងជនជាតិជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បាននិយាយថា ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva មិនត្រូវបានស្វាគមន៍ក្នុងប្រទេសអ៊ីស្រាអែលទេ រហូតទាល់តែលោកទទួលយកនូវការលើកឡើងរបស់គាត់វិញ ដែលប្រដូចសង្រ្គាមប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅហ្គាហ្សា​ ទៅនឹងការប្រល័យពូជសាសន៍របស់ណាស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​ លោក Katz បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ប្រេស៊ីល ដូច្នេះថា «យើងនឹងមិនភ្លេច ហើយយើងនឹងមិនអត់ទោសឱ្យទេ។ វាគឺជាការវាយប្រហារប្រឆាំងពួកយូដាដ៏ធ្ងន់ធ្ងរ។ ក្នុងនាមខ្ញុំ និងក្នុងនាមប្រជាពលរដ្ឋអ៊ីស្រាអែល សូមប្រាប់ប្រធានាធិបតី Lula ថាគាត់គឺជាបុគ្គលដែលមិនត្រូវបានទទួលការគោរពនៅក្នុងប្រទេសអ៊ីស្រាអែលទេ រហូតដល់គាត់យកសម្តីទាំងអស់នោះចេញវិញ។

ការ​តវ៉ានេះ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ មាន​ភាព​តានតឹង​បន្ថែម​ទៀត ដែល​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ប្រធានាធិបតី លោក Luiz Inacio Lula da Silva បាន​វិល​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈបានចោទប្រកាន់ថាអ៉ីស្រាអែលកំពុងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ ប្រឆាំងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា ដោយបានប្រដូចសកម្មភាពរបស់អ៉ីស្រាអែលទៅនឹងអំពើប្រល័យពូជសាសន៍របស់ Adolf Hitler ប្រឆាំងជនជាតិជ្វីហ្វ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលសហភាពអាហ្រ្វិកក្នុងប្រទេសអេត្យូពី លោក Lula បាននិយាយថា «អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប និងចំពោះប្រជាជនប៉ាឡេស្ទីនមិនត្រូវបានគេមើលឃើញនៅក្នុងពេលវេលាផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រនោះទេ។ ប៉ុន្តែវាបានកើតឡើងនៅពេលដែលហ៊ីត្លែរសម្រេចចិត្តសម្លាប់ជនជាតិយូដា»

រូបភាពពី AFP