(ហ៊្សេរុយសាឡិម)៖ អ៊ីស្រាអែលបានព្រមានមិនឱ្យពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សាស្ទ្រីប អាចប្រារព្ធបុណ្យ Ramadan បានឡើយ ខណៈការរៀបចំវាយប្រហារ ដោយកម្លាំងថ្មើរជើង ដាក់លើក្រុង Rafah ត្រូវអ៊ីស្រាអែលនិយាយថា នឹងធ្វើនាប៉ុន្មានថ្ងៃខាងមុខនេះ។ អ៊ីស្រាអែលចង់ប្រែក្លាយតំបន់ Rafah ជាសមរភូមិបង្ហូរឈាម បើសិនជានៅក្នុងពេលបុណ្យរ៉ាម៉ាដានជិតមកដល់នេះ ក្រុមហាម៉ាសមិនព្រមដោះលែង ចំណាប់ខ្មាំងសេសសល់ទាំងនោះមកវិញទេ។

សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូល១៣៦ថ្ងៃហើយគិតត្រឹម ថ្ងៃ១៩កុម្ភៈឆ្នាំ២០២៤។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨,៩៨៥ នាក់ត្រូវបានសម្លាប់ និង៦៨,៨៨៣ នាក់បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងតំបន់ហ្គាហ្សា។

ក្រុង Rafah ដែលមានពលរដ្ឋប៉ាឡេស្ទីនភៀស សឹកជាងមួយលាននាក់ជ្រកស្នាក់នៅ កំពុងក្លាយជាក្រុងចុងក្រោយបង្អស់មួយ ដែលបារម្ភជុំវិញឈាមហូរដាបពោះដំរី បើសិនជាអ៊ីស្រាអែលនឹងប្រើមធ្យោបាយវាយលុកដោយកម្លាំងថ្មើរជើង។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅអំពើវាយប្រហាររបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បិនចាមីន ណេថាន់យ៉ាហ៊ូ ថា បានដើរហួសពីកម្រិតរបស់ហើយ។

លោក ចូ បៃដិន បានថ្លែងថាមនុស្សស្លូតត្រង់ជាច្រើន បានរងគ្រោះថ្នាក់និងពួកគេបានស្លាប់។ លោកថាអំពើនេះត្រូវតែបញ្ចប់។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Binjamin Netanyahu បានរឹងរូសមិនស្តាប់តាមការស្នើ របស់ប្រធានាធិបតីអាមេរិកឡើយ។ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ មិនត្រឹមបានច្រានចោលនូវសេចក្តីអំពាវនាវ ដែលកាន់តែកើនឡើង ក្នុងការសុំឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុកយោធាដាក់ទៅក្នុង នៅតំបន់ហ្គាហ្សានោះប៉ុណ្ណោះទេ, លោក បិន ចាមីន ថែមទាំងនិយាយប្តេជ្ញាថា នឹងធ្វើកិច្ចការវាយលុកដោយយោធានេះ រហូតដល់ចប់សព្វគ្រប់ ថែមទៀត។ លោក បិន ចាមីន បានដាក់បញ្ជាឱ្យទាហានអ៊ីស្រាអែល ត្រូវជម្លៀសពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីតំបន់ Rafah នោះថែមទៀត។

សេចក្តីរាយការណ៍បាននិយាយថាអ៊ីស្រាអែល បានប្រាប់ឱ្យពលរដ្ឋប៉ាឡេស្ទីនទាំងនោះ ត្រូវរត់ចេញទៅកាន់តំបន់ Khan Younis ដែលកំពុងរងភាពខ្ទេចខ្ទាំប៉ុន្តែមិនសូវមាន ការវាយប្រហារខ្លាំងដូចមុន ឬពួកគេត្រូវរត់ទៅកាន់តំបន់ ក្រុងហ្គាហ្សាភាគខាងជើងវិញ ដែលជាក្រុងបានរងនឹងការវាយបំផ្លាញខ្ទេចខ្ទីមុនគេ ក្រោយការបង្វែរទិសដៅវាយប្រហារមក កាន់ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ តំបន់ហ្គាហ្សាស្ទ្រីប ទំហំ ៤៦៥គីឡូម៉ែត្រក្រឡា គឺជាតំបន់ដែលរងនឹងការវាយប្រហារស្ទើរគ្រប់កន្លែងអស់ទៅហើយ។ ក្រុង Rafah ដែលជាប់នឹងព្រំដែនអេហ្ស៊ីប គឺជាតំបន់ចុងក្រោយបង្អស់ ហើយដែលកំពុងប្រឈមនឹងទីវាលមរណៈចុងក្រោយគេបំផុតនេះ។

សមាជិកម្នាក់នៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz បានគំរាមវាយលុកដាក់ទៅ លើទីក្រុង Rafah ភាគខាងត្បូង ប្រសិនបើចំណាប់ខ្មាំងអ៊ីស្រាអែល នៅសេសសល់នោះ មិនត្រូវបានដោះលែងនៅមុនខែរ៉ាម៉ាដាន នាពេលខាងមុខនេះទេ។ បុណ្យរ៉ាម៉ាដានឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីល្ងាចថ្ងៃទី១០ មីនា និងបញ្ចប់នៅថ្ងៃទី៩ មេសា។

រដ្ឋាភិបាលអ៊ីស្រាអែលនៅមិនបានលាតត្រដាងជាសាធារណៈ នូវពេលវេលាសម្រាប់ការវាយ លុកដោយថ្មើរជើងដាក់លើក្រុង Rafah ទីកន្លែងដែលមានប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់កំពុងរត់សម្ងំជ្រកកោន នៅទីនោះឡើយ។ លោក Benny Gantz ដែលជាមនុស្សម្នាក់ក្នុង ចំណោមបីនាក់នៃអ្នកផ្តល់យុទ្ធសាស្ត្រប្រយុទ្ធ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក បិនចាមីន ណេថាន់យ៉ាហូ បានថ្លែងថា តំបន់ Rafah នឹងក្លាយជាសមរភូមិបង្ហូរឈាមហើយ ក្នុងពេលបុណ្យរ៉ាម៉ាដានខាងមុខនេះ បើសិនមិនព្រមដោះលែងចំណាប់ខ្មាំងសេសសល់ទាំងនោះទេ។

លោក Benny Gantz បានថ្លែងកាលពីថ្ងៃអាទិត្យ ទី១៨ កុម្ភៈថា «ពិភពលោកត្រូវតែដឹង…មេដឹកនាំក្រុមហាម៉ាសត្រូវតែដឹងថា ប្រសិនណាបើដល់បុណ្យ Ramadan ហើយ, ចំណាប់ខ្មាំងរបស់ យើងមិនទាន់បានវិលត្រឡប់មកផ្ទះវិញទេ ការវាយប្រហារនឹងបន្តនៅគ្រប់ទីកន្លែងដោយរួម មានទាំងនៅក្នុងតំបន់ Rafah ផងដែរ»។ លោក Benny Gantz បានថ្លែងបន្តថា «យើងនឹងធ្វើកិច្ចការនេះក្នុងកិច្ចសម្របសម្រួល ជម្លៀសជនស៊ីវិលដោយមានការចរចាជាដៃគូសហរដ្ឋអាមេរិក និងប្រទេសអេហ្ស៊ីបដើម្បីកាត់បន្ថយ ឱ្យមានគ្រោះថ្នាក់តិចបំផុតដល់ជីវិតជនស៊ីវិល»

បណ្តាញប្រទេសនិងអង្គការអន្តរជាតិនានា បានព្យាយាមនិយាយបញ្ចុះបញ្ចូលអ៊ីស្រាអែល ដើម្បីបញ្ឈប់គម្រោងវាយប្រហារ ដោយថ្មើរជើងដាក់លើក្រុង Rafah គ្រាដែលប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានថ្លែង ថាការវាយលុកថ្មើរជើងបែបនោះ «នឹងនាំឱ្យការស្លាប់រង្គាល និងនាំឱ្យកិច្ចប្រឹងប្រែងជាមនុស្សធម៌ក្នុងតំបន់ហ្គាហ្សា បានឈានដល់ទ្វារមរណៈជាមិនខាន»

ប៉ុន្តែមនុស្សគន្លឹះរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz បានបោះសម្តីព្រមាន តបទៅវិញថា «ចំពោះអ្នកទាំងឡាយណាដែលនិយាយថា ការវាយប្រហារនោះនឹងធ្វើឱ្យកម្រិត គ្រោះថ្នាក់ខ្ពស់ពេកនោះ, ខ្ញុំសូមបញ្ជាក់ទៅវិញថា ជម្រើសនៃការវាយប្រហាររបស់យើងគឺក្រុម ហាម៉ាស…ពួកគេអាចធ្វើការចុះចាញ់, ដោះលែងចំណាប់ខ្មាំងនិងពលរដ្ឋក្នុងតំបន់ Gaza ហើយនៅពេលនោះ នឹងអាចអនុញ្ញាតឱ្យមានការប្រារព្ធបុណ្យ Ramadan នេះបាន»

ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទំនងជានឹង បោះឆ្នោតនៅថ្ងៃអង្គារសប្តាហ៍នេះ ជុំវិញការជំរុញមួយរបស់ប្រទេសអាល់ហ្សេរី សម្រាប់ស្ថាប័នក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន១៥ប្រទេស ដើម្បីស្វែងរកបទឈប់បាញ់មនុស្សធម៌ភ្លាមៗមួយនៅក្នុង សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងបញ្ចេញសញ្ញាថា គេនឹងបោះឆ្នោតវេតូជុំវិញការស្នើរក បទឈប់បាញ់គ្នានោះ។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានប្រឆាំងនឹងបទឈប់បាញ់គ្នាពីព្រោះពួកគេជឿថា ការដាក់ចេញនូវបទឈប់បាញ់នោះ នឹងផ្តល់ប្រយោជន៍ដល់ ក្រុមហាម៉ាសទៅវិញនោះទេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញក្តីសង្ឃឹមថា គេនឹងធ្វើជាអ្នកសម្របសម្រួលរកកិច្ចព្រមព្រៀង យូរអង្វែងមួយជំនួសវិញដែលកិច្ចព្រមព្រៀងនោះ នឹងរួមបញ្ចូលទាំងឱ្យ ក្រុមហាម៉ាសដោះ លែងចំណាប់ខ្មាំងដែលនៅសេសសល់។ ក្រុមហាម៉ាស់កំពុងទាមទារឱ្យអ៊ីស្រាអែល ដោះ លែងជនជាតិប៉ាឡេស្ទីន ដែលជាប់គុករយៈពេលវែង សម្រាប់កិច្ចព្រមព្រៀងណាមួយ ដែលគេនឹងដាក់ចេញ ក្នុងពេលខាងមុខនេះ។

ប្រធានាធិបតីអាមេរិកលោកចូបៃដិន ដែលមិនអាចរារាំងអ៊ីស្រាអែលលើ កិច្ចប្រឹងប្រែងបញ្ឈប់បាញ់គ្នា បានប្រាប់លោកនាយករដ្ឋមន្ត្រី ណេថាន់យ៉ាហ៊ូ វិញ ថាអំពើវាយប្រហារលុកលុយណា មួយត្រូវតែរៀបចំនូវផែនការជាក់លាក់ ដើម្បីការធានាសុវត្ថិភាពនិងជួយ កាត់បន្ថយគ្រោះថ្នាក់ ដល់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។ លោក ណេថាន់យ៉ាហ៊ូ នៅជាមួយគ្នានេះវិញ បានថ្លែងកាល ពីថ្ងៃអាទិត្យទី១៨កុម្ភៈថា គម្រោងរៀបចំសុវត្ថិភាពដើម្បីកាត់បន្ថយ គ្រោះថ្នាក់លើពលរដ្ឋស្លូតត្រង់នោះ កំពុងតែបានរៀបចំហើយ។ ប៉ុន្តែលោកបានប្រតិកម្មតបទៅវិញថា «អ្នកណាដែល ចង់រារាំងអ៊ីស្រាអែលមិនឱ្យធ្វើប្រតិបត្តិការយោធា ដាក់លើក្រុង Rafahនោះ គឺកំពុងតែប្រាប់យើងមកវិញថា ឱ្យយើងចាញ់សង្គ្រាមហើយ»

សង្គ្រាមដែលអូសបន្លាយឈានចូលថ្ងៃទី១៣៦មកហើយនេះ ត្រូវគេឃើញថាបាននិងកំពុង រាលដាលខ្លះចេញពីក្រៅតំបន់ហ្គាហ្សា ដោយសារតែសកម្មជនប្រយុទ្ធឥស្លាម ដូចជាក្រុមហ៊ូធី, ក្រុមហេសបូឡាហ៍, ក្រុមក្នុងចង្កោមនិកាយShia គាំទ្រដោយអ៊ីរ៉ង់ដូចជាក្រុម Islamic Resistance in Iraq ជាដើម បានបង្ហាញការគាំទ្ររបស់ខ្លួន ប្រឆាំងអ៊ីស្រាអែល ដែលបានវាយលុកដាក់មកលើ តំបន់ហ្គាហ្សាស្ទ្រីប។ ក្រុមទាំងនេះ បានធ្វើសកម្មភាពវាយប្រហារដាក់លើ សហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែល នៅក្នុងតំបន់មជ្ឈិមបូព៌ា, នៅក្នុងប្រទេសអ៊ីរ៉ាក់, នៅក្នុងប្រទេសស៊ីរី, នៅក្នុងដែនសមុទ្ទអារ៉ាប់, នៅក្នុងប្រទេសលីបង់ដូចជាក្រុមហេសបូឡាហ៍ជា ដើម។ ក្រុមហេសបូឡាហ៍ លើទឹកដីនៃប្រទេសលីបង់ គឺជាក្រុមដែលធ្វើសកម្មភាពវាយប្រហារ ជាញឹកញាប់ដាក់មកលើ បណ្តាក្រុងភាគខាងជើងអ៊ីស្រាអែលដោយបង្កគ្រោះ ថ្នាក់ស្លាប់និង របួសដល់ពលរដ្ឋស៊ីវិល និងថែមទាំងមកលើ ទាហានអ៊ីស្រាអែលផងដែរ។

លោក Benny Gantz ដែលជាអ្នកផ្តល់យុទ្ធសាស្ត្រប្រយុទ្ធ ក្នុងគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាន ថ្លែងព្រមានក្រុមហេសបូឡាហ៍ លើទឹកដីនៃប្រទេសលីបង់ថា «អ៊ីស្រាអែលនឹងបំពេញគោលដៅរបស់ខ្លួន និងវាយបណ្តេញ ក្រុមហេសបូឡាហ៍ឱ្យចាកចេញឆ្ងាយ ដោយមិនឱ្យក្រុមទាំងនេះនៅតាមព្រំដែនលីបង់ អាចនឹងបង្កហេតុដាក់មកក្រុងរបស់ អ៊ីស្រាអែលទៀតឡើយ»។ លោក Benny Gantz បានថ្លែងកាលពីថ្ងៃអាទិត្យទៀតថាក្រុម Hezbollah ត្រូវសម្រេចចិត្តថាតើពួកគេ ត្រូវធ្វើអត្តឃាតជាក្រុមតែម្តងឬយ៉ាងណា?

លោក Benny Gantz បានអំពាវនាវឱ្យពិភពលោក ត្រូវជួយពន្យល់ដល់រដ្ឋាភិបាលលីបង់ថា រដ្ឋាភិបាលនេះ ត្រូវតែបណ្តេញក្រុមហេសបូឡាហ៍ ចេញពីព្រោះក្រុមនេះ គឺជាក្រុមដែលនឹងត្រូវសងតម្លៃចំពោះការធ្វើឱ្យខូចខាត ដល់រដ្ឋាភិបាលអ៊ីស្រាអែល។ លោក Benny Gantz បានប្រកាសទៀតថា «ប្រសិនណាបើអ៊ីស្រាអែលចាំបាច់ ត្រូវធ្វើសង្រ្គាមដាក់ទៅប្រទេសលីបង់ នោះគឺអ៊ីស្រាអែលពិជានឹងធ្វើវាមិនខានឡើយ»

អ៊ីស្រាអែលបានថ្លែងថាគេនឹងលែងអនុគ្រោះ ដល់ក្រុមហេសបូឡាហ៍ដែលបានបង្កសកម្មភាព តាមបណ្តោយព្រំដែនទៀតហើយ។ អ៊ីស្រាអែលនិយាយថា ភាពបរាជ័យនៃដំណើរការទូតជា អន្តរជាតិដែលមិនអាចបង្ខំឱ្យក្រុមហេសបូឡាហ៍ ចេញឆ្ងាយពីតំបន់ព្រំដែននោះ គឺនឹងតម្រូវចាំបាច់ឱ្យអ៊ីស្រាអែល ត្រូវធ្វើការវាយលុកតបតដាក់ទៅវិញ។

សេចក្តីរាយការណ៍បានបង្ហាញថា ភ្លាមៗបន្ទាប់ពីសម្តីរបស់លោក Benny Gantz នោះមក, ស្រាប់តែមានការបាញ់មីស៊ីលមួយគ្រាប់ ចេញពីទឹកដីប្រទេសលីបង់ ដាក់មកលើច្រកចូល សហគមន៍ Shtula ភាគខាងជើង។ មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងរបួសទេ ប៉ុន្តែកង កម្លាំងអ៊ីស្រាអែលបាននិយាយថាគេ បានធ្វើការឆ្លើយតបដាក់ទៅវិញជាមួយការបាញ់គ្រាប់កាំ ភ្លើងផ្លោង Artellery សងដាក់ទៅលើប្រភព ដែលមានការបាញ់ផ្លោងគ្រាប់មីស៊ីលចេញពីទឹកដីលីបង់នោះវិញ។

ខណៈការរកច្រកដើម្បីជួយសម្រុះសម្រួល ការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន មិនឱ្យវិលត្រឡប់មកវិញទៀតនោះ, ច្រកចេញមួយដែលបានស្នើដើម្បីសន្តិភាព ជាយូរអង្វែង នោះ គឺការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយស្របច្បាប់មួយ ប៉ុន្តែអ៊ីស្រាអែលបានប្រឆាំងជំទាស់ដាច់ខាតការស្នើបង្កើតនោះ។ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានទាត់ចោលនូវសំណើរបស់ប្រទេស មួយចំនួនជុំវិញការចង់បង្កើតរដ្ឋប៉ាឡេស្ទីនមួយ គ្រាដែលគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានចាត់ ទុកថាវាជារង្វាន់ដ៏ធំណាស់សម្រាប់ ឱ្យក្រុមប្រព្រឹត្តអំពើភេរវកម្មនោះ។

បើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post សហរដ្ឋអាមេរិកនិង ប្រទេសដៃគូអារ៉ាប់មួយចំនួន កំពុងតែរៀបចំគម្រោងជាក់លាក់មួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលរួមមានទាំង គម្រោងផែនការដំណោះស្រាយបង្កើតរដ្ឋ២។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ដំណោះស្រាយណាមួយប្រសិនណា បើត្រូវបានសម្រេចមែននោះ គឺត្រូវធ្វើតាមរយៈការចរចារវាងភាគីពាក់ព័ន្ធទាំង២ ដោយមិនមានការដាក់លក្ខខណ្ឌណាជាមុនឡើយ. គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា «ការទទួលស្គាល់ជា ឯកតោភាគីនៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ នឹងរារាំងដំណោះស្រាយ សន្តិភាពសម្រាប់អនាគត»។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងកាលពីថ្ងៃសៅរ៍ ទី១៧ កុម្ភៈ ថាអ៊ីស្រាអែលនឹងប្រឆាំងយ៉ាងខ្លាំងក្លា នូវការដាក់គំនាបជាអន្តរជាតិលើ ការចង់បង្កើតរដ្ឋប៉ាឡេស្ទីន។ លោកថារដ្ឋាភិបាលក្រុង Tel Aviv នឹងមិនទទួលយក ការបង្គាប់បញ្ជារបស់បរទេសឡើយ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង នាអនាគតជាមួយនឹងប៉ាឡេស្ទីននោះ។ លោកបានព្រមានថាកិច្ចព្រម ព្រៀងណាក៏ដោយនឹង មិនអាចយកជាការបានឡើយ ប្រសិនបើគ្មានការចូលរួមចរចាដោយ ភាគីពាក់ព័ន្ធទាំង២នោះ ទេ។

បើយោងតាម លោក Benny Gantz លោកបានថ្លែងថា ពេលនេះជ័យជម្នះផ្នែកយោធាក្នុង តំបន់ហ្គាហ្សាត្រូវបានគេមើលឃើញ នូវស្រមោលរបស់វារួចទៅហើយ ក្នុងពេលខាងមុខនេះ… ប៉ុន្តែលោកបញ្ជាក់ថាបើទោះបីជាមាន ការមើលឃើញជ័យជំនះយោធានាពេលខាងមុខនេះក្តី វាក៏អាចត្រូវពេលចំណាយពេលជាច្រើនឆ្នាំទៅមុខទៀត ផងដែរដើម្បីកសាងឡើងវិញនូវ "សមត្ថភាពត្រូវគ្រប់គ្រងនៅក្នុងតំបន់ហ្គាហ្សា ដែលមិនអាចជាក្រុមហាម៉ាស និងក៏មិនគួរជាអ៊ីស្រាអែល" ផងដែរ។ លោកបានថ្លែងថា ទឹកដីដែលរៀបចំថ្មីនោះ គឺត្រូវមានការបញ្ចូលដោយពលរដ្ឋប៉ាឡេស្ទីនក្នុងស្រុក ដែលគាំទ្រឬការចាត់ចែងរៀបចំដោយគណៈកម្មាធិការក្នុងតំបន់។

ប៉ុន្តែសម្រាប់ពេលនេះ គឺត្រូវធ្វើសង្គ្រាមសិន…ចំណែកសន្តិភាពត្រូវគិតនាពេលក្រោយ។ តើវាសនាក្រុង Rafah នឹងក្លាយជាយ៉ាងណាបើសិនជាចំណាប់ខ្មាំង មិនត្រូវដោះលែងនៅមុនបុណ្យ Ramadan ខាងមុខនេះទេ?