(ប៊ុយដាប៉ែស)៖ ចិនបានផ្តល់ការគាំទ្រលើ ភាពជាដៃគូជាយុទ្ធសាស្រ្តយូរអង្វែង សម្រាប់ហុងគ្រីលើបញ្ហាសន្តិសុខសាធារណៈ នៅក្នុងជំនួបដ៏កម្រជាមួយនាយករដ្ឋមន្រ្តី លោក Viktor Orban ដែលការនេះគឺលើសពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ហើយដូចកត្តាដែលអង្គការណាតូ កំពុងពង្រីកបណ្តាញរបស់ខ្លួននៅអឺរ៉ុបយ៉ាងដូច្នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីសន្តិសុខសាធារណៈ លោក Wang Xiaohong បានប្រាប់លោក Orban អំឡុងពេលទៅកាន់ទីក្រុងប៊ុយដាប៉ែស កាលពីសប្តាហ៍មុនថា ចិនរំពឹងថានឹងធ្វើឱ្យការអនុវត្តច្បាប់ ក៏ដូចជាទំនាក់ទំនងសន្តិសុខជាមួយហុងគ្រី កាន់តែស៉ីជម្រៅ ខណៈប្រទេសទាំងពីរគ្រោងរៀបចំខួប ៧៥ឆ្នាំនៃទំនាក់ទំនងការទូត។ លោក Wang បានបង្ហាញពីក្តីរំពឹងទុកថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងក្លាយជា «របត់ថ្មីនៃទំនាក់ទំនងទ្វេភាគី» លើវិស័យដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។​ ភាគីទាំងពីរក៏នឹងរួមបញ្ចូល នូវការកសាងសមត្ថភាពផ្នែកសន្តិសុខ និងអនុវត្តច្បាប់នៅក្រោម គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ របស់លោក​ ស៉ី ជីនពីង ដែលកន្លងមកបានតភ្ជាប់ចិន ជាមួយពិភពលោកតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានស៉ីនហួរ លោករដ្ឋមន្រ្តីសន្តិសុខសាធារណៈចិន បានជួបរដ្ឋមន្រ្តីមហាផ្ទៃហុងគ្រី លោក Sandor Pinter ហើយចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខ តែមិនបញ្ជាក់លម្អិតនោះទេ៕

រូបភាពពី Reuters