(ប៉េកាំង)៖ "បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាវិស្សមកាលសំខាន់ជាងគេ របស់ប្រទេសចិនក្នុងមួយឆ្នាំ។ ពិធីបុណ្យនេះដែលតាំងពីដើមមក មានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកនឹងក្លាយជាទែរម៉ូម៉ែត្រដ៏សំខាន់សម្រាប់វាស់កំដៅសេដ្ឋកិច្ច។" វេបសាយនៃកាសែត «El Mundo»របស់ប្រទេសអេស្ប៉ាញបានវាយតម្លៃចំពោះបុណ្យចូលឆ្នាំថ្មីចិនដូចពោលខាងលើនេះ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនឆ្នាំរោងនេះ មជ្ឈដ្ឋានខាងក្រៅមានការចាប់អារម្មណ៍ យ៉ាងម៉េចចំពោះកម្តៅសេដ្ឋកិច្ច?

ប្រជាជនដែលធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន៤៧៤លាននាក់ អ្នកទេសចរណ៍ដើរលេងក្នុងស្រុកបានចំណាយសរុប ៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលបានកើនជាង៣៤,៣ភាគរយ និង៤៧,៣ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ ប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនទូទាំងប្រទេសចិន បានផ្តល់សេវាកម្មចេញចូលដែនដល់ប្រជាជនចិន និងបរទេសសរុបចំនួន ១៣លាន៥សែន១ម៉ឺន៧ពាន់នាក់ គិតជាមធ្យមក្នុងមួយថ្ងៃគឺចំនួន១.៦៩លាននាក់ បានកើនឡើង២,៨ដងបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងវិស្សមកាលរយៈពេល៨ថ្ងៃ ប្រាក់ចំណូលលក់សំបុត្រភាពយន្ត បានឈានដល់៨ពាន់លានយាន់ប្រាក់ចិន បានបំបែកកំណត់ត្រាថ្មីក្នុងប្រវតិ្តសាស្ត្រនៃទីផ្សាយភាពយន្ត ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ល។ សន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបើក ការចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់សេដ្ឋកិច្ចឆ្នាំរោង។

បុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីចិនមានប្រក្រតីភាពមុនគេបង្អស់ បន្ទាប់ពីប្រទេសចិនបានកែសម្រួលវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ "ប្រទេសចិនដែលមានភាពចល័ត" បានជំរុញដល់កម្លាំងរស់រវើកនៃទីផ្សារប្រើប្រាស់។ ទំនៀមទំលាប់ប្រពៃណីបុណ្យចូលឆ្នាំថ្មីចិន ដែលបានបន្តវេនដល់បច្ចុប្បន្ននេះ និងរូបមន្តប្រើប្រាស់ដែលផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ ជាសាក្សីនៃការជួបប្រទះនិងរួមបញ្ចូលគ្នារវាង "ចាស់និងថ្មី"។

កិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើនៅចុងឆ្នាំមុនបានលើកឡើងថា បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចិននឹងជំរុញការប្រើប្រាស់ត្រូវពង្រីកជាបន្តបន្ទាប់។ ក្រសួងពាណិជ្ជកម្មចិនបានកំណត់ឆ្នាំ២០២៤ជា "ឆ្នាំជំរុញការប្រើប្រាស់" ហើយនឹងរៀបចំសកម្មភាព ជំរុញការប្រើប្រាស់មួយចំនួន។ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាច្រើន ជំរុញឱ្យសក្តានុពល នៃទីផ្សារប្រើប្រាស់របស់ចិនត្រូវបញ្ចេញឡើង និងរចនាសម័្ពន្ធប្រើប្រាស់ត្រូវលើកកម្ពស់ជាបន្តបន្ទាប់។

បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ជាបុណ្យចូលឆ្នាំចិនទីមួយ ដែលត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក នៃអង្គការសហប្រជាជាតិ។ ប្រជាជនចំនួនប្រហែល១ភាគ៥ នៅលើពិភពលោក បានអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិន តាមទម្រង់ខុសៗគ្នា។ ក្រោមការជំរុញដោយគោលនយោបាយ ដូចជាការលើកលែងទិដ្ឋាការដល់គ្នាទៅវិញទៅមក ការផ្តល់ភាពងាយស្រួលដល់ការឆ្លងគយ និងការរៀបចំឡើងវិញនូវខ្សែផ្លូវហោះហើរជាដើម ការធ្វើទេសចរណ៍ចេញចូលដែន បានរៀបចំឡើងវិញយ៉ាងឆាប់រហ័ស។ អ្នកទេសចរចិនជាច្រើនបានធ្វើដំណើរទៅលេង នៅក្រៅប្រទេស ដែលបាននាំមកនូវដំណឹងល្អដល់ វិស័យទេសចរណ៍ក្នុងតំបន់។

សូមយកប្រទេសសិង្ហបរី ម៉ាឡេស៊ីនិងថៃ ដែលជាប្រទេសលើកលែងទិដ្ឋាការ ក្នុងពេលថ្មីៗកន្លងទៅនេះ ជាឧទាហរណ៍។ ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ការបញ្ជាទិញសំបុត្រយន្តហោះទៅកាន់សិង្ហបុរី បានកើនឡើង២៩ដង សំបុត្រយន្តហោះទៅកាន់គួឡាឡាំពួរ បានកើនឡើង២០ដង សំបុត្រយន្តហោះទៅកាន់ក្រុងបាងកក បានកើនឡើង១៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទិន្នន័យនៃវេទិកាពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះ អ្នកទេសចរចិនបានចេញទៅដើរលេងនៅទីក្រុង ចំនួនជាង១៧០០នៅលើពិភពលោកទាំងមូល។

តាមរយៈការប្រើប្រាស់ ដែលមានភាពសន្ទុះខ្លាំងក្លា ក្នុងបុណ្យចូលឆ្នាំថ្មីចិន អ្នកផងទាំងពួងបានមើលឃើញឧត្តមភាព នៃទីផ្សារដ៏ធំធេងរបស់ចិន។ នៅចុងខែមករា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៤ ដល់ទៅ៤,៦ភាគរយគឺបានកើនឡើង០,៤ភាគរយ។ នាពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់ ប្រទេសអាល្លឺម៉ង បានចេញផ្សាយរបាយការណ៍អះអាងថា សហគ្រាសអាល្លឺម៉ងបាននិងកំពុងវិនិយោគទុន នៅប្រទេសចិនឱ្យបាន កាន់តែច្រើន ដើម្បីឆ្លើយតបនឹងហានិភ័យដែលបណ្តាលមកពី ស្ថានភាពតានតឹងនៃពាណិជ្ជកម្មសកល។

សន្ទុះខ្លាំងក្លានៃការប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិន ព្រមនិងលក្ខណៈសម្បតិ្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ បានកើនឡើងជាបន្តបន្ទាប់ ដូច្នេះ នៅឆ្នាំ២០២៤ សេដ្ឋកិច្ចចិនមានជំនឿចិត្តថានឹងមានសភាពល្អប្រសើរ ឡើងវិញជាបន្តបន្ទាប់ ហើយបន្ដចាក់បំពេញ "ចរន្តក្តៅ" ទៅក្នុងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន