(ញូវដែលី)៖ ក្រោយការប៉ះទង្គិចគ្នាជិតមួយសប្តាហ៍ រវាងក្រុមកសិករ និងកងកម្លាំងសន្តិសុខ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា រដ្ឋាភិបាលយល់ព្រមផ្តល់ការធានាលើតម្លៃគ្រាប់ធញ្ញជាតិ ពោត និងកប្បាស ដើម្បីបន្សាបកំហិតរបស់ប្រជាកសិករឥណ្ឌា ដែលបាននាំគ្នាធ្វើសកម្មភាពតវ៉ាទ្រង់ទ្រាយធំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Goyal និយាយថា រដ្ឋាភិបាលបានដាក់ចេញនូវកិច្ចព្រមព្រៀង៥ឆ្នាំ ដើម្បីគាំទ្រតម្លៃអតិបរមាដល់កសិករ ដែលធ្វើពិពិធកម្មដំណាំរបស់ពួកគេ ដូចជាគ្រាប់ធញ្ញជាតិ សណ្តែក៣មុខ និងពោត។ នៅឯទីក្រុង Chandigarh ភាគខាងជើងប្រទេសឥណ្ឌា លោក Goyal បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមអង្គការជាដៃគូសហការ ដែលរដ្ឋាភិបាលលើកកម្ពស់ នឹងទិញផលិតផលរបស់កសិករ ហើយនឹងគ្មានការកំណត់បរិមាណឡើយ»។ បើតាមលោក Goyal គោលការណ៍ធានាតម្លៃស្រដៀងគ្នា ក៏នឹងត្រូវផ្តល់ឱ្យ​ ក្រុមកសិករ ដែលធ្វើពិពិធកម្ម និងដាំដំណាំកប្បាសផងដែរ។

គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីក្រុមកសិករយល់ព្រមផ្អាកការតវ៉ា ដោយសំដៅដង្ហែក្បួនចូលក្នុងទីក្រុងញូវដែលី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ យ៉ាងនេះក្តី សហជីពកសិករនិយាយថា ពួកគេនឹងចំណាយពេល១-២ថ្ងៃ ដើម្បីធ្វើការសម្រេ​ចចិត្តលើ សំណើកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនេះ បន្ទាប់ពីឈានដល់ ការឯកភាពគ្នា ក្នុងចំណោមពួកគេផ្ទាល់៕