(អូស្លូ)៖ រដ្ឋាភិបាលន័រវែស បានប្រកាសថា នឹងជួយសម្រួលដល់ការផ្ទេរមូលនិធិពន្ធ ដែលអ៉ីស្រាអែលប្រមូលបាន ហើយត្រូវបានបង្កក ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន តាមរយៈបណ្តាញអង្គភាពគាំទ្រដោយលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នឆ្នាំ ១៩៩០ ក្រសួងហិរញ្ញវត្ថុអ៉ីសា្រអែល ជាអ្នកប្រមូលពន្ធជំនួសមុខឱ្យ អាជ្ញាធរប៉ាឡេស្ទីន ហើយត្រូវធ្វើការផ្ទេរជារៀងរាល់ខែ ទៅអាជ្ញាធរប៉ាឡេស្ទីន ប៉ុន្តែការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស ធ្វើឱ្យដំណើរការនេះ ត្រូវជាប់គាំង។

ន័រវែសនិយាយថា ដំណោះស្រាយបណ្តោះអាសន្ននេះ នឹងបើកឱ្យការទូទាត់នានាដំណើរការឡើងវិញ ហើយទប់ស្កាត់បាន នូវការដួលរលំនៃអាជ្ញាធរប៉ាឡេស្ទីន ដោយការមានលទ្ធភាពបើកប្រាក់ខែ និងផ្តល់សេវាកម្មសំខាន់ៗ ដូចដាសាលារៀន មន្ទីរថែទាំសុខភាពជាដើម។ បើតាមនាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere «នេះសបញ្ជាក់អំពីការធ្វើឱ្យ ប្រសើរឡើងនូវស្ថិរភាពក្នុងតំបន់ និងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន មានលទ្ធភាពការពារប្រជាជនរបស់ខ្លួន»

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងដំណោះស្រាយ គាំទ្រដោយក្រុមមន្រ្តីអ៉ីស្រាអែល និងប៉ាឡេស្ទីន ន័រវែសនឹងធ្វើការក្នុងនាមជាអន្តរការី កាន់កាប់ប្រាក់ចំណូលដែលអ៉ីស្រាអែលប្រមូលបាន ចាប់តាំងពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters