(មូស្គូ)៖ អ្នកនាំពាក្យលោក Alexei Navalny បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី នៅតែពុំទាន់អាចបញ្ជាក់​ជាផ្លូវការ អំពីមូលហេតុនៃការស្លាប់ របស់មេបក្សប្រឆាំងរូបនេះ ហើយក៏មិនទាន់ច្បាស់ដែរថា តើវានឹងត្រូវចំណាយពេលយូរ​ប៉ុនណា ដើម្បីឈានដល់សេចក្តីសន្និដ្ឋានផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរពន្ធនាគាររុស្ស៉ី បានអះអាងថា លោក Navalny ដែលមានវ័យ៤៧ឆ្នាំ នៅសុខៗស្រាប់តែដួលសន្លប់បាត់បង់ស្មារតី ហើយទទួលមរណភាពតែម្តង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោយដើរហាត់ប្រាណក្នុងពន្ធនាគារមួយកន្លែង នៅក្រុង Kharp ចម្ងាយប្រហែល១,៩០០គីឡូម៉ែត្រពីភាគឦសានរដ្ឋធានីមូស្គូ និងជាទីដែលរូបលោកត្រូវអនុវត្តទោសជាប់ពន្ធនាគារ សរុបចំនួន​៣ទសវត្សរ៍។

បើតាមអ្នកនាំពាក្យលោក Navalny ម្តាយរបស់លោក និងក្រុមមេធាវីត្រូវបានជូនដំណឹងថា លទ្ធផលផ្ទៀងផ្ទាត់ផ្លូវការពាក់ព័ន្ធ មូលហេតុនៃការស្លាប់របស់លោក ត្រូវបានពន្យារពេល ហើយមិនច្បាស់ឡើយថា តើវានឹងត្រូវប្រើពេលវេលាយូរប៉ុនណានោះ។ មកទល់ពេលនេះ ទាំងម្តាយនិងក្រុមមេធាវីរបស់លោក Navalny ក៏ពុំទាន់ត្រូវបានអនុញ្ញាត ឱ្យចូលទៅកាន់កន្លែងរក្សាសាកសព​របស់លោកដែរ។

គួរបញ្ជាក់ថា មរណភាពរបស់លោក Navalny នាពេលនេះ ធ្វើឱ្យក្រុមប្រឆាំងនៅរុស្ស៉ី ត្រូវបាត់បង់មេដឹកនាំលេចធ្លោបំផុតរបស់ខ្លួន ស្របពេលដែល​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតសកល នាខែមីនា ខាងមុខ។ ក្រោយការមរណភាពរបស់លោក មនុស្សយ៉ាងហោច​ជាង៤០០នាក់ ត្រូវបានឃាត់ខ្លួន កាលពីចុងសប្តាហ៍មុន អំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំ នៅតាមទីក្រុងនានាទូទាំងប្រទេសរុស្ស៉ី៕

រូបភាពពី AFP