(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំង បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីសន្តិសុខសាធារណៈចិន បានអំពាវនាវទៅកាន់ ​រដ្ឋមន្រ្តីសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ឱ្យបញ្ឈប់នូវអ្វីដែលទីក្រុងប៉េកាំងអះអាងថាជា សកម្មភាពធ្វើទុក្ខបុកម្នេញលើសិស្ស-និស្សិតចិន ដែលចូលទៅទឹកដីអាមេរិក អំលុងកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីទាំងពីរ នៅទីក្រុងវីយែននៃប្រទេសអូទ្រីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសស្តីពីកិច្ចពិភាក្សារវាង រដ្ឋមន្រ្តីសន្តិសុខចិន លោក Wang Xiaohong និងរដ្ឋមន្រ្តីសន្តិសុខអាមេរិក លោក Alejandro Mayorkas កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីក្រុងប៉េកាំងបាននិយាយថា ទីក្រុងវ៉ាស៉ីនតោនចាំបាច់ត្រូវតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការត្រួតពិនិត្យលើក្រុមសិស្ស-និស្សិតចិន ដោយគ្មានហេតុផលច្បាស់លាស់តទៅទៀត។ ក្នុងជំនួបនោះ លោក Wang បានទទូចឱ្យសហរដ្ឋអាមេរិកធានាថា ពលរដ្ឋចិនទទួលបាន​ការប្រព្រឹត្តមកលើខ្លួន ប្រកបដោយភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរពេញលេញ ពេលចូលទៅកាន់ទឹកដីអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងធ្លាប់បានអះអាងម្តងហើយម្តងទៀតថា ជនជាតិចិនដែលមានឯកសារធ្វើដំណើរត្រឹមត្រូវ ត្រូវបានដាក់ឱ្យស្ថិតក្រោម​ ការសួរចម្លើយបែបបំពាន និងការបណ្តេញចេញមកវិញ នៅតាមអាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក។ កាលពីខែមករាកន្លងទៅ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៉ីនតោន បានប្រកាសណែនាំឱ្យ អ្នកដំណើរជនជាតិចិនទាំងអស់ គួរចៀសវាងព្រលានយន្តហោះ Dulles របស់រដ្ឋធានីអាមេរិក៕

រូបភាពពី AFP