(អូតាវ៉ា)៖ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ចិនគួរតែដើរតួនាទីក្នុងការរក្សាសុវត្ថិភាព ធ្វើពាណិជ្ជកម្ម នៅឯតំបន់សមុទ្រក្រហម ពីព្រោះកប៉ាល់ដឹកជញ្ជូនចិន ក៏ត្រូវប្រឈមមុខនឹងហានិភ័យដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោកស្រី Joly និយាយថា លោកស្រីបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅឯកិច្ចប្រជុំទ្វេភាគីថ្មីៗនេះ អំពីតម្រូវការឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនលើក្រុមហ៊ូទី ដើម្បីរក្សាសុវត្ថិភាពធ្វើដំណើរនៅសមុទ្រក្រហម។ លោកស្រី Joly បានប្រាប់ Reuters តាមទូរស័ព្ទនៅថ្ងៃចុងក្រោយនៃសន្និសីទ ទីក្រុងមុយនិក យ៉ាងដូច្នេះថា «វាក៏ស្ថិតនៅក្នុងផលប្រយោជន៍របស់ចិន ក្នុងនាមជានាំចេញ»។ ចំណែក លោក Wang បានលើកឡើងអំពីតម្រូវការ «កសាងទំនុកចិត្ត» ជាមួយកាណាដា បន្ទាប់ពីមានភាពតានតឹងផ្នែកនយោបាយ រយៈពេលប៉ុន្មានឆ្នាំមកនេះ។

គួរបញ្ជាក់ថា ការវាយប្រហារដែលក្រុមហ៊ូទីនិយាយថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា បានធ្វើឱ្យតម្លៃដឹកជញ្ជូន និងធានារ៉ាប់រង ឡើងថ្លៃ ដោយសារតែភាពរំខានលើច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់រវាងតំបន់អាស៉ី និងអឺរ៉ុប ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកប៉ាល់មកពីចិន។

ទំនាក់ទំនងចិន-កាណាដា បានជាប់គាំងកាលពីចុងឆ្នាំ ២០១៨ នៅពេលប៉ូលិសកាណាដាឃាត់ខ្លួននាយកប្រតិបត្តិ នៃក្រុមហ៊ុនទូរគមនាគមន៍ចិន។ មិនយូរប៉ុន្មាន ទីក្រុងប៉េកាំងបានចាប់ខ្លួនជនជាតិកាណាដា ២នាក់ពីបទចារកម្ម។ ហើយវាកាន់តែតានតឹងទៅទៀត ក្រោយសភាកាណាដា សម្រេចឱ្យមានការស៉ើបអង្កេត លើការចោទប្រកាន់ថា ចិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ខ្លួន ជាការអះអាងមួយដែលចិនតែងបដិសេធម្តងហើយម្តងទៀត ៕

រូបភាពពី Reuters