(មុយនិក)៖ លោក Mark Rutte នាយករដ្ឋមន្ត្រីចាំផ្ទះហូឡង់ និងដែលត្រូវបានគេរំពឹងអាចនឹងក្លាយជាអ្នកដឹកនាំបន្ទាប់របស់អង្គការណាតូ (NATO) បាននិយាយថា អឺរ៉ុបគួរតែបញ្ឈប់ការវែកញែកអំពីលោក ដូណាល់ ត្រាំ ហើយផ្តោតលើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីអ៊ុយក្រែនជំនួសវិញ។ នេះបើយោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ បានធ្វើឱ្យអឺរ៉ុបមិនសប្បាយចិត្ត ជុំវិញការនិយាយថាប្រសិនបើលោកឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខ លោកនឹងមិនផ្តោត លើការពារសម្ព័ន្ធមិត្តណាតូ ដែលបរាជ័យក្នុងចំណាយផ្នែកការពារជាតិនោះទេ។

អំឡុងសន្និសីទទីក្រុងមុយនិក នៃប្រទេសអាល្លឺម៉ង់ លោក Rutte គូសបញ្ជាក់ថា «យើងគួរតែឈប់គិតពីសម្តីរបស់លោក ត្រាំ ទៀតទៅ។ វាអាស្រ័យលើប្រជាជនអាមេរិក យើងត្រូវធ្វើការជាមួយអ្នកកាន់តំណែងផ្ទាល់»។ លោក Rutte បានបន្ថែមថា អឺរ៉ុបគួរតែចំណាយថវិកាបន្ថែមលើវិស័យការពារជាតិ និងបង្កើនការផលិតគ្រាប់រំសេវ តែមិនមែនដោយសារតែលោក ត្រាំ អាចនឹងត្រឡប់មកវិញទេ។ អឺរ៉ុប គឺត្រូវការបង្កើនសមត្ថភាពគាំទ្រអ៊ុយក្រែន ពីព្រោះវាក៏ស្ថិតក្នុងផលប្រយោជន៍របស់ខ្លួន។

គួរបញ្ជាក់ថា លោក Rutte បានប្រកាសចាកចេញពីឆាកនយោបាយហូឡង់ ដោយមិននឹកស្មានដល់កាលពីខែកក្កដា ឆ្នាំ២០២៣។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានចូលកាន់តំណែងតាំងពីឆ្នាំ២០១៤ ហើយនឹងត្រូវចាកចេញពីតំណែងនៅខែតុលា ឆ្នាំ ២០២៤។ មុនពេលមានការសម្រេចលើលោក Stoltenberg ក្រុមមន្រ្តីការទូត និយាយថា លោក Rutte ទទួលបានការគាំទ្រច្រើន៕

រូបភាពពី Reuters