(ហ្ស៊េរុយសាឡិម)៖ សមាជិកគណៈរដ្ឋមន្ត្រីកិច្ចការសង្រ្គាមរបស់អ៉ីស្រាអែល លោក Benny Gantz បាននិយាយថាអ៉ីស្រាអែលនឹងបើកការវាយលុកចូលទីក្រុង Rafah នៅខែក្រោយ ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ខ្មាំងនៅសេសល់ដែលកំពុងជាប់ឃុំ ក្នុងតំបន់ហ្កាហ្សា នៅពេលខែ Ramadan ជាខែតមអាហាររបស់ អ្នកកាន់សាសនាអ៉ីស្លាមចូលមកដល់ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Benny Gantz ធ្វើការកត់សម្គាល់បែបនេះប្រាប់ថ្នាក់ដឹកនាំអាមេរិកដើមកំណើតជ្វីហ្វ ក្នុងទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ។ លោក Gantz បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកត្រូវតែដឹង ហើយក្រុមហាម៉ាសក៏ត្រូវតែដឹងដូចគ្នាថា ប្រសិនបើនៅខែ Ramadan ចំណាប់ខ្មាំងរបស់យើងមិនត្រឡប់មកផ្ទះវិញទេ នោះការប្រយុទ្ធនឹងនៅតែបន្តគ្រប់ទីកន្លែង (ក្នុងតំបន់ហ្កាហ្សា) ក្នុងនោះរួមមានទាំងទីក្រុង Rafah»

Ramadan ដែលជាខែដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាអ៉ីស្លាម អនុវត្តកាតព្វកិច្ចតមអាហារនៅពេលថ្ងៃ រយៈពេលមួយខែដែលត្រូវបានរំពឹងថាអាចនឹងចូលមកដល់ នៅថ្ងៃទី១០ ខែមីនាខាងមុខ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីស្រាអែល កន្លងមក មិនបានកំណត់កាលបរិច្ឆេទជាក់លាក់ពីផែនការវាយលុកចូលទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងរស់នៅ និងជ្រកកោនឡើយ។ ផែនការនេះកំពុងទទួលរងការរិះគន់ពីសំណាក់បណ្ដាប្រទេសជាច្រើន ខណៈអង្គការសហប្រជាជាតិព្រមានថាប្រតិបត្តិការយោធារបស់ អ៉ីស្រាអែល ក្នុងទីក្រុងមួយនេះអាចនឹងបង្កទៅជាគ្រោះមហន្តរាយ។ តែទោះជាមានការរិះគន់ និងការដាក់សម្ពាធក្ដី ក៏លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានទទូចថាជោគជ័យរបស់អ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស នឹងមិនអាចកើតឡើងទេ បើអ៉ីស្រាអែលមិនវាយលុកចូលក្នុងទីក្រុង Rafah។

ចំណែក លោកប្រធានាធិបតីអាមេរិក ចូ បៃដិនវិញក៏បានចេញមុខសម្តែងក្តីបារម្ភចំពោះផែនការវាយលុកទីក្រុង Rafah ផងដែរ ជាមួយការក្រើនរំឮកថាប្រតិបត្តិការយោធា មិនគួរធ្វើឡើងនោះទេ បើគ្មានផែនការការពារអាយុជីវិតជនស៊ីវិលទេនោះ។ ប៉ុន្តែ ខណៈបង្ហាញការព្រួយបារម្ភ នៅពីក្រោយឆាកឯណោះវិញរដ្ឋបាលលោក បៃដិន ត្រូវបាន កាសែតអាមេរិក Wall Street Journal រាយការណ៍ថានៅតែមានផែនការបន្តបញ្ជូនអាវុធឱ្យអ៉ីស្រាអែល៕

រូបភាពពី AFP