(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនឈរជើង នៅក្នុងតំបន់សមុទ្រក្រហម បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសស្វ័យការពារខ្លួន ៥លើក ប្រឆាំងនឹងប្រព័ន្ធអាវុធរបស់ក្រុមឧទ្ទាមហ៊ូទី ដើម្បីទប់ស្កាត់ការវាយប្រហារតាមជើងគោក និងសមុទ្រពីសំណាក់ក្រុមឧទ្ទាមមួយនេះចេញពីតំបន់ដែលពួកគេគ្រប់គ្រងក្នុង ប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM បានបញ្ជាក់ថាការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងអាមេរិក ធ្វើឡើងនៅម៉ោង ៣ រសៀល និង ៨យប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅទីក្រុងសាណា ប្រទេសយេម៉ែន) និងជាផ្នែកមួយនៃការចាត់វិធានការសកម្មភាពជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ូទី ក្នុងគោលបំណងបញ្ឈប់ការវាយប្រហាររបស់ក្រុមឧទ្ទាមមួយនេះដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកម្ដងហើយ ម្ដងទៀតលើកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម។

បើតាម CENTCOM ការវាយប្រហារតាមផ្លូវអាកាសទាំង៥លើក ក្នុងនោះរួមមានទាំងការវាយប្រហារលើដ្រូនក្រោមសមុទ្ររបស់ក្រុមហ៊ូទី ជាលើកដំបូងចាប់តាំងពីសង្រ្គាម ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក និងដ្រូនលើផ្ទៃទឹក ខណៈការវាយប្រហារ ៣លើកផ្សេងទៀត មានគោលដៅលើមីស៊ីលគ្រូសប្រឆាំងនាវាចម្បាំងរបស់ ក្រុមហ៊ូទី។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំ ក្នុងប្រទេសយេម៉ែន រួមទាំងទីក្រុងកំពង់ផែ Hodeida បានចាប់ផ្ដើមវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣មក ដោយមានគោលដៅលើរាល់កប៉ាល់ឆ្ពោះទៅកាន់អ៉ីស្រាអែល ជាការបង្ហាញសាមគ្គីភាពដល់ ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាដែលកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

កងកម្លាំងអាមេរិក និងអង់គ្លេស បានដឹកនាំការវាយប្រហាររួមគ្នាលើមូលដ្ឋានរបស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន ជាច្រើនលើកមកហើយដែរ តែក្រុមនេះនៅតែបន្តបើក ការវាយប្រហាររបស់ពួកគេក្នុងតំបន់សមុទ្រក្រហម ហើយថែមទាំងព្រមានទៀតផងថានឹងបន្តការវាយប្រហាររបស់ខ្លួន រហូតទាល់តែអ៉ីស្រាអែលបញ្ឈប់ សង្រ្គាមនៅហ្កាហ្សា៕

រូបភាពពី AFP