(ស៊ីដនី)៖ សារព័ត៌មានអូស្ត្រាលី ABC នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះបានរាយការណ៍ថាមនុស្សយ៉ាងហោច ៥៣នាក់ បានស្លាប់នៅក្នុងអំពើហិង្សារវាងកុលសម្ព័ន្ធចំនួន២ នៅតំបន់ភាគខាងជើង នៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea)។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ABC ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីក្នុងតំបន់ ដែលបានបញ្ជាក់ថាអំពើហិង្សាបានផ្ទុះឡើងនៅក្នុងខេត្ត Enga កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅ រវាងកុលសម្ព័ន្ធចំនួន២។ លោក George Kakas ជាមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់របស់ប៉ាពូអាស៊ីនូវែលហ្គីណេ បានប្រាប់ ABC ថានេះគឺជាអំពើហិង្សាដែ បាន សម្លាប់មនុស្សច្រើនបំផុត​នៅក្នុងខេត្ត Enga ដែលលោកផ្ទាល់មិនធ្លាប់បានឃើញ មកទល់នឹងបច្ចុប្បន្ន។

គួរបញ្ជាក់ថា ប៉ាពូអាស៊ីនូវវែលហ្គីណេ មានកុលសម្ព័ន្ធរាប់រយកំពុងរស់ ហើយក្នុងនោះភាគច្រើនរស់នៅតំបន់ដាច់ស្រយាល។ បើតាម ABC អំពើហិង្សាកាលពីថ្ងៃអាទិត្យ ជាជម្លោះរវាងកុលសម្ព័ន្ធ ២ ដែលធ្លាប់បានប៉ះទង្គិចគ្នាផងដែរនៅក្នុងខេត្ត Enga កាលពីឆ្នាំ២០២៣ ដោយបណ្ដាលឱ្យមនុស្ស ៦០នាក់ស្លាប់៕

រូបភាពពី Reuters