(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់របស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,៩៨៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់ស៊ីនហួ ក្រសួងបាននិយាយថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨,៨៨៣ នាក់បានរងរបួសចាប់តាំងពីការផ្ទុះឡើង នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

ក្រសួង​បាន​បន្ថែម​ថា កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ១២៧ នាក់ និង​២០៥ នាក់​ផ្សេង​ទៀតរបួស ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយនេះ។

របាយការណ៍បបានកត់សម្គាល់ទៀតថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ ចំពេលមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងកង្វះផ្នែកការពារស៊ីវិល និងក្រុមរថយន្តសង្គ្រោះបន្ទាន់។

បន្ថែមពីលើនេះ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gaza Strip បានរងការវាយប្រហារដោយផ្ទាល់ជាច្រើន ពីរថក្រោះអ៊ីស្រាអែល។

គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំង នឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕