(មូនិច)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល គឺជាឧបសគ្គចម្បងក្នុងការស្វែងរកដំណោះស្រាយសន្តិភាពរយៈពេលវែង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Borrell បាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុង Munich ដូច្នេះថា «តំបន់ West Bank គឺជាឧបសគ្គពិតប្រាកដ ចំពោះដំណោះស្រាយរដ្ឋពីរ»
លោកបានបន្ថែមថា «West Bank ហៀបនឹងផ្ទុះឡើងហើយ... យើងប្រហែលជានឹងប្រឈមមុខនឹងការផ្ទុះជម្លោះដ៏ធំជាងជម្លោះ នាពេលបច្ចុប្បន្នទៅទៀត»

ជនជាតិអ៊ីស្រាអែលប្រហែល ៤៩០,០០០ នាក់កំពុងរស់នៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ ១៩៦៧ នៅក្នុងការតាំងទីលំនៅរាប់សិបកន្លែង ដែលត្រូវបានចាត់ទុកថាខុសច្បាប់ ក្រោមច្បាប់អន្តរជាតិ។ ចំណែកឯ ជនជាតិអ៊ីស្រាអែលដែលរស់នៅជាមួយជនជាតិប៉ាឡេស្ទីន មានប្រហែលបីលាននាក់នៅក្នុងតំបន់។

ប្រជាជនប៉ាឡេស្ទីនចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែលថា ជាឧក្រិដ្ឋកម្ម និងជាឧបសគ្គចម្បងចំពោះសន្តិភាព ប៉ុន្តែអ្នកជាតិនិយម និងអ្នកកាន់សាសនាតឹងតែងជាច្រើនយល់ឃើញថា ការរស់នៅទីនោះជាជាការបំពេញការសន្យាដ៏ពិសិដ្ឋ។

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃទី ៧ ខែតុលា ចំនួននៃការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank បានកើនឡើង។

លោក Borrell បាននិយាយថា សហភាពអឺរ៉ុបត្រូវការ «គាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប់» ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីន រួមទាំងតំបន់ West Bank និង Gaza Strip ផងដែរ។

ការអត្ថាធិប្បាយរបស់លោក Borrell ធ្វើឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលផែនការដែលទទួលស្គាល់ជាអន្តរជាតិសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលត្រូវបានរាយការណ៍ដោយកាសែត Washington Post ។

កាសែតអាមេរិកបានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden និងប្រទេសអារ៉ាប់មួយក្រុមតូច កំពុងធ្វើការដើម្បីបង្កើតផែនការដ៏ទូលំទូលាយសម្រាប់សន្តិភាពរយៈពេលវែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ របាយ​ការណ៍​បាន​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​រួម​មាន​តារាង​ពេល​វេលា​ជាក់​លាក់​សម្រាប់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន។ ប៉ុន្តែ​សួរ​មួយ​ដែលត្រូវចោទសួរនៅពេលនេះគឺថា តើ​នរណា​នឹង​ដឹកនាំ​រដ្ឋ​ប៉ាឡេស្ទីន​ក្រោយ​សង្រ្គាម។ សហរដ្ឋអាមេរិកបានកំណត់ក្តីសង្ឃឹមរបស់ខ្លួនលើអាជ្ញាធរប៉ាឡេស្ទីន ដែលបានកែទម្រង់ដើម្បីក្លាយជាដៃគូកាន់តែប្រសើរសម្រាប់អ៊ីស្រាអែល៕

រូបភាពពី AFP