(ហ្គាហ្សា)៖ ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារ (ថ្ងៃទី ២០ ខែកុម្ភៈ) លើសំណើរបស់ប្រទេសអាល់ហ្សេរី ដើម្បីជំរុញស្ថាប័នដែលមានសមាជិក ១៥ មួយនេះ ឲ្យសម្រាកបាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលជាទង្វើមួយដែលសហរដ្ឋអាមេរិកបានបង្ហាញថាខ្លួននឹងប្រើសិទ្ធិ «វេតូ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រទេសអាល់ហ្សេរី បានដាក់ចេញសេចក្តីព្រាងដំណោះស្រាយបឋមមួយនេះ ជាងពីរសប្តាហ៍មុនមកហើយ។ ប៉ុន្តែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Linda Thomas-Greenfield បានឆ្លើយតបយ៉ាងឆាប់រហ័សថា វិធានការនេះអាចបង្កផលអវិជ្ជមានចំពោះ «កិច្ចចរចារដែលកំពុងបន្ត» ក្នុងគោលបំណងធ្វើឱ្យមានការផ្អាកសង្គ្រាមជាបណ្តោះអាសន្ន។

អ្នកការទូតបាននិយាយថា អាល់ហ្សេរីកាលពីថ្ងៃសៅរ៍ បានសុំឱ្យក្រុមប្រឹក្សាបោះឆ្នោត នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងតិច ៩ សំឡេង និងដោយគ្មានការវេតូពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន ឬរុស្ស៊ីដើម្បីអនុម័ត។

លោក Thomas-Greenfield បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា «សហរដ្ឋអាមេរិកមិនគាំទ្រសកម្មភាពលើសេចក្តីព្រាងដំណោះនេះទេ។ ហើយប្រសិនបើដំណើការបោះឆ្នោតប្រព្រឹត្តទៅ ក៏នឹងមិនត្រូវបានអនុម័តដែរ»

ជាប្រពៃណី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែការពារសម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអែល ពីសកម្មភាពរបស់អង្គការសហប្រជាជាតិ ហើយបានប្រើសិទ្ធិវ៉េតូពីរដងរួចមកហើយ ចាប់តាំងពីថ្ងៃទី ៧ខែតុលា។ ប៉ុន្តែវាក៏បានអនុប្បវាទពីរដងផងដែរ ដោយអនុញ្ញាតឱ្យក្រុមប្រឹក្សាអនុម័តដំណោះស្រាយដែលមានគោលបំណង ជំរុញជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងបានអំពាវនាវឱ្យមានការផ្អាកជាបន្ទាន់ផងដែរ។

កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក អេហ្ស៊ីប អ៊ីស្រាអែល និងកាតា កំពុងបន្តស្វែងរកការផ្អាកនៅក្នុងសង្រ្គាម និងការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់។

លោក Thomas-Greenfield បាននិយាយថា «វាមានសារៈសំខាន់ដែលភាគីផ្សេងទៀតផ្តល់ឱ្យដំណើរការនេះនូវឱកាសដ៏ល្អបំផុតនៃភាពជោគជ័យ ជាជាងការជំរុញវិធានការដែលធ្វើឱ្យប៉ះពាល់ដល់វា និងឱកាសសម្រាប់ដំណោះស្រាយយូរអង្វែងចំពោះជម្លោះមួយនេះ»

រូបភាពពី Reuters