(ឡាអេ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ តុលាការនៅប្រទេសហូឡង់ បានបង្គាប់ឱ្យរដ្ឋាភិបាលហូឡង់ ផ្អាកការនាំចេញទាំងអស់ នូវគ្រឿងបន្លាស់​របស់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអ៉ីស្រាអែល ដោយសារក្តីកង្វល់ថា ពួកវាកំពុងត្រូវបានប្រើប្រាស់ ក្នុងការរំលោភច្បាប់អន្តរជាតិ អំលុងសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តុលាការឧទ្ធរណ៍ហូឡង់បានកំណត់ថា រដ្ឋាភិបាលមានពេល៧ថ្ងៃ ដើម្បីអនុវត្តតាមការបង្គាប់របស់ខ្លួន ស្របពេលដែលការព្រួយបារម្ភកំពុង​កើនឡើង នៅពាសពេញតំបន់អឺរ៉ុប និងកន្លែងផ្សេងទៀត ជុំវិញផលប៉ះពាល់ផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយសង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា។ តុលាការបានលើកឡើងថា វាមិនអាចប្រកែកបានឡើយ គឺមានហានិភ័យយ៉ាងជាក់ច្បាស់ ដែលគ្រឿងបន្លាស់យន្តហោះ F-35 ត្រូវបានប្រើប្រាស់ ក្នុងសកម្មភាពរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

ខាងរដ្ឋាភិបាលហូឡង់ បាននិយាយថា ខ្លួននឹងប្តឹងតវ៉ាចំពោះការបង្គាប់ខាងលើ ទៅកាន់តុលាការកំពូល ហើយបានលើកហេតុផលថា វាគួរស្រេចតែនៅលើរដ្ឋាភិបាលប៉ុណ្ណោះ ដែលជាអ្នកកំណត់លើគោលនយោបាយការបរទេស មិនមែនតុលាការនោះទេ។ អ៉ីស្រាអែលនៅតែប្រកាន់ជំហរប្រកែកថា ខ្លួនមិនអាចប្រព្រឹត្តអំពើល្មើសច្បាប់មនុស្សធម៌ឡើយ អំលុងសង្រ្គាមដែលមានគោលដៅកម្ទេច ក្រុមហាម៉ាសប៉ាឡេស្ទីនដែលខ្លួនអះអាងថា មានចេតនាចង់បំផ្លាញប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា សង្រ្គាមតាមផ្លូវអាកាស និងតាមផ្លូវគោកទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល នៅតំបន់ Gaza Strip ត្រូវបានអាជ្ញាធរហាម៉ាស អះអាងថា ផ្តាច់ជីវិតមនុស្សលើស ២៨,០០០នាក់ហើយ ខណៈភាគច្រើននៃជនជាតិប៉ាឡេស្ទីនប្រមាណ២.៣លាននាក់ ដែលរស់នៅទីនោះ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរបស់ពួកគេ។ អ៉ីស្រាអែលបដិសេធចំពោះ ការចោទប្រកាន់ថា កងកម្លាំងរបស់ខ្លួនបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម ​ក្នុងសង្រ្គាមនៅ Gaza ដែលបានផ្ទុះឡើង ក្រោយក្រុមហាម៉ាស ឆ្មក់វាយប្រហារភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយ​បានសម្លាប់ជនជាតិអ៉ីស្រាអែល ប្រហែល១,២០០នាក់ និងមនុស្សខ្ទង់២៥០នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង៕

រូបភាពពី Reuters