(ព្រុចសែល)៖ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យកាត់បន្ថយការផ្គត់ផ្គង់អាវុធសម្រាប់អ៉ីស្រាអែល ដោយសារតែមានជនស៉ីវិលបាត់បង់ជីវិតច្រើន ក្នុងសង្គ្រាមរបស់ខ្លួននៅឯតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Borrell បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីផ្តល់ជំនួយអភិវឌ្ឍ EU ក្នុងទីក្រុងប្រ៊ុចសែល យ៉ាងដូច្នេះថា «ជាការប្រសើរ ប្រសិនបើអ្នកជឿថាមនុស្សច្រើននាក់ណាស់កំពុងត្រូវបានសម្លាប់ ប្រហែលជាអ្នកគួរផ្តល់អាវុធកាន់តែតិចដើម្បីការពារមនុស្សជាច្រើននាក់ទៀត»។ លោក Borrell បានបន្ថែមថា «មនុស្សច្រើនពេកហើយដែលត្រូវគេសម្លាប់ នោះទើបយើងត្រូវគិតអំពីការផ្តល់អាវុធ»

នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់ លោក Borrell និងថាតើអាមេរិកមានពិចារណាកាត់បន្ថយជំនួយយោធាសម្រាប់អ៉ីស្រាអែលឬទេ? អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានឆ្លើយតបដោយការពារគោលនយោបាយផ្តល់អាវុធរបស់សហរដ្ឋអាមេរិកថា ការផ្តល់នូវ «សមត្ថភាពជាអតិបរមា» នេះគឺដើម្បីបន្តមានឥទ្ធិពលលើអ៉ីស្រាអែល។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់អាវុធដ៏សំខាន់បំផុតរបស់អ៉ីស្រាអែល ដោយបានផ្តល់ជំនួយយោធាក្នុងទឹកប្រាក់ ៣,៨ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រាប់ចាប់ពីយន្តហោះចម្បាំងរហូតដល់គ្រាប់បែកដ៏មានឥទ្ធិពល។ រហូតមកដល់ពេលនេះ វ៉ាស៊ីនតោនមិនបានស្តាប់តាមការអំពាវនាវណាមួយ ដើម្បីកាត់បន្ថយជំនួយបែបនេះទេ៕