(ឌូបៃ)៖ ក្រុមមន្រ្តីយោធាអាមេរិកនិយាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បានបាញ់មីស៉ីល ២គ្រាប់ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង នៅឯសមុទ្រក្រហម ដែលឆ្ពោះទៅកាន់គោលដៅនៅអ៉ីរង់ បណ្ដាលឱ្យខូចខាតតិចតួចតែគ្មានអ្នករបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

ប្រភពដឹកជញ្ជូន បាននិយាយថា ការវាយប្រហារកើតឡើងនៅព្រឹកព្រលឹម និងហាក់ដូចជាជាលើកដំបូងដែលក្រុមហ៊ូទី កំណត់គោលដៅលើកប៉ាល់ដែលដឹកទំនិញទៅអ៉ីរ៉ង់ ចាប់តាំងពីបើកការវាយប្រហារលើផ្លូវដឹកជញ្ជូនអន្តរជាតិ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ជុំវិញសង្គ្រាមអ៉ីស្រាអែល-ហាម៉ាសនៅតំបន់ហ្គាហ្សា។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងតាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «ក្រុមសកម្មប្រយុទ្ធហ៊ូទីគាំទ្រដោយអ៉ឺរ៉ង់ បានបាញ់មីស៉ីលចេញពីទីតាំងឈរជើងក្នុងប្រទេសយេម៉ែន ឆ្ពោះមកច្រកសមុទ្រ Bab al-Mandeb។ មីស៉ីលទាំង ២គ្រាប់នេះ ត្រូវបានបាញ់ទៅរកកប៉ាល់ MV Star Iris គ្រប់គ្រងដោយក្រិក មានដោតទង់ជាតិ Marshall Islands ដែលដឹកពោតចេញពីប្រទេសប្រេស៉ីល ឆ្លងកាត់សមុទ្រក្រហម ឆ្ពោះទៅកាន់គោលដៅនៅអ៉ឺរ៉ង់។ មានការខូចខាតតិចតួចប៉ុណ្ណោះ និងមិនធ្វើឱ្យនាវិករងរបួសទេ»

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ូទី កប៉ាល់ដឹកទំនិញនេះគឺជារបស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកតាមដានការដឹកជញ្ជូនតាមសមុទ្រនិយាយថា កប៉ាល់ដែលមានទង់ Marshall Islands គឺជារបស់ក្រិក៕