(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ការគំរាមរបស់បេក្ខជនប្រធានាធិបតីអាមេរិកនាំមុខគេ ក្នុងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ថានឹងមិនការពារសមាជិក NATO ណាមួយដែលមិនព្រមបង់ប្រាក់ចូលរួមបដិភាគលើវិស័យការពារជាតិ គឺជាសម្ដីគ្មានទំនួលខុសត្រូវ និងប្រកបដោយគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Olaf Scholz ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងបែរឡាំង ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tuskកាលពីថ្ងៃចន្ទ ទី១២ ខែកុម្ភៈ។ ដោយមិនបាននិយាយចំឈ្មោះលោក ត្រាំ ត្រង់ៗ លោក Olaf Scholz បានសង្កត់ធ្ងន់ថាអាល្លឺម៉ង់ និងប្រទេសជិតខាងគឺ ប៉ូឡូញ មានការប្ដេជ្ញាចិត្តការពារគ្នាទៅវិញទៅមក ក្រោមក្របខណ្ឌនៃសម្ព័ន្ធយោធា NATO ហើយគ្មាននរណាម្នាក់អាចសើរើ ឬចោទសួរពីការប្ដេជ្ញាចិត្ត នេះបានឡើយ។

លោក Scholz បានគូសបញ្ជាក់ដូច្នេះថា «ជាទស្សនៈយល់ឃើញចំពោះស្ថានការណ៍វិវត្តន៍សព្វថ្ងៃ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថារាល់ការសើរើការធានាសន្តិសុខ គ្នាទៅវិញទៅមករបស់ NATO គឺជាទង្វើគ្មានទំនួលខុសត្រូវ និងប្រកបដោយគ្រោះថ្នាក់ ហើយមានតែផ្ដល់ផលចំណេញដល់រុស្ស៉ីប៉ុណ្ណោះ»

គួរបញ្ជាក់ថា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរដ្ឋ South Carolina កាលពីចុងសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹង ប្រាប់ឱ្យ «រុស្ស៉ីធ្វើរឿងអាក្រក់តាមដែលពួកគេចង់ ចំពោះប្រទេសជាសមាជិក NATO ណា» ដែលមិនបានបង់ប្រាក់ចូលរួមបដិភាគ។ ការអត្ថាធិប្បាយ បែបនេះបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង នៅក្នុងចំណោមប្រទេសជាសមាជិក NATO ពីលទ្ធភាពដែលលោក ត្រាំ អាចនឹងត្រឡប់មកកាន់តំណែងជា ប្រធានាធិបតីអាមេរិកសាជាថ្មី ហើយបង្ខំឱ្យអ៉ឺរ៉ុបបង្កើនកញ្ចប់ថវិកាការពារជាតិ៕

រូបភាពពី Reuters