(កៀវ)៖ ការវិភាគបឋមមួយបានសន្មត់ថារុស្ស៉ីបានវាយប្រហារលើទីក្រុងកៀវ កាលពីសប្ដាហ៍មុន ដោយប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon ហើយនេះជាលើកដំបូងបំផុតដែលមីស៊ីលនេះត្រូវបានប្រើក្នុងសង្រ្គាមមានអាយុជិត ២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយកវិទ្យាស្ថាន Kyiv research institute លោក Oleksandr Ruvin បានឱ្យដឹងថាវិទ្យាស្ថានរបស់លោកបានបញ្ចប់ការវិភាគបឋមមួយលើបំណែក មីស៊ីលមួយចំនួន ដែលរុស្ស៉ីបានប្រើក្នុងការវាយប្រហារមួយកាលពីថ្ងៃទី៧ ខែកុម្ភៈ។ លោកបន្ថែមថាតាមលទ្ធផលវិភាគបឋមនេះដដែល មានធាតុផ្សំ ជាច្រើនបង្ហាញថាបំណែកមីស៊ីលទាំងនោះជាប្រភេទមីស៊ីល 3M22 Zircon។ ប៉ុន្តែភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយនោះទេ។

គួរបញ្ជាក់ថា រុស្ស៉ីបានអះអាងថា មីស៊ីល Zircon មានសមត្ថភាពបាញ់បានចម្ងាយ ១,០០០គីឡូម៉ែត្រ និងអាចហោះក្នុងល្បឿងលឿងជាងសំឡេង ៩ដង។ មីស៊ីលនេះបានបញ្ចប់ការធ្វើតេស្ដកាលពីខែមិថុនា ឆ្នាំ២០២២ ខណៈលោក ពូទីន ចាត់ទុកថាវាជាអាវុធស៊េរីថ្មីគ្មានគូប្រៀបថ្មីមួយរបស់រុស្ស៉ី៕

រូបភាពពី Reuters