(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមមន្ត្រីចិនបានអះអាងថាប្រទេសរបស់ពួកគេ មានអាវុធទំនើបៗជាច្រើន ដែលមានសមត្ថភាពអាចរារាំងមិនឱ្យ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ធ្វើប្រតិបត្តិការនៅក្បែររបងផ្ទះរបស់ខ្លួន ក្នុងករណីសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង។ អាវុធទាំងនោះរួមមានទាំងមីស៊ីល Dong Feng-26 ឬហៅកាត់ថា DF-26 ដែលត្រូវបានអង្គការ NATO ដាក់ឈ្មោះឱ្យថា CH-SS-18 ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម IRBM និងដែលកងទ័ពរំដោះប្រជាជនចិន PLA កំពុងមាននៅក្នុងដៃ។ ដោយសារតែមាននាវាផ្ទុកយន្ដហោះចម្បាំង ២គ្រឿងប៉ុណ្ណោះត្រូវបានដាក់ឱ្យប្រើប្រាស់ ធៀបទៅនឹងសហរដ្ឋអាមេរិក មាននាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ១១គ្រឿង ចិនរំពឹងថា DF-26 អាចជួយឱ្យកងទ័ពរបស់ខ្លួនមានសមត្ថភាពអាចស៊ីសងជាមួយ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅលើសមរភូមិ។

* DF-26 : ប្រវត្តិនៃអ្នកពិឃាដនាវាផ្ទុកយន្ដហោះចម្បាំង

ការអភិវឌ្ឍ និងផលិតមីស៊ីល DF-26 បានស្ថិតក្នុងការគិតរបស់ថ្នាក់ដឹកនាំចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីចិនមើលឃើញថាខ្លួនឯងមិនមានមធ្យោបាយ ឬសមត្ថភាព វាយប្រហារលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកនោះទេ អំឡុងវិបត្តិជាច្រើនលើកនៅច្រកសមុទ្រតៃវ៉ាន់ នៅពេលនោះ។ បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ក្រុមមន្ត្រីអាមេរិកក្នុងឆ្នាំ២០១០ បានទម្លាយឱ្យដឹងថាចិនមានគោលដៅផលិតមីស៊ីលបាលិស្ទីគ IRBM មានសមត្ថភាពវាយប្រហារចំគោលដៅក្នុងកម្រិតខ្ពស់។

នៅប៉ុន្មានឆ្នាំក្រោយមកទៀត ទើបលេចចេញរូបភាពមីស៊ីលប្រភេទនេះនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ហើយនៅឆ្នាំ២០១៤ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានទទួលស្គាល់ថាចិនផលិតបានមីស៊ីលដ៏ទំនើបនេះ។ មីស៊ីល DF-26 ត្រូវបានដាក់បង្ហាញជាសាធារណៈអំឡុងព្យុហយាត្រាយោធាមួយក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៥ និងនៅខែមេសា ឆ្នាំ២០១៨ ទើបមីស៊ីលនេះត្រូវបញ្ជូនទៅឱ្យកងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន PLA ប្រើប្រាស់។

* មុខងារ និងសមត្ថភាព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអះអាងថា មីស៊ីល DF-26 អាចបំពាក់ក្បាលគ្រាប់ធម្មតាផង និងក្បាលគ្រាប់នុយក្លេអ៊ែរផង ហើយមានសមត្ថភាពវាយប្រហារលើគោលដៅ ទាំងស្ថិតនៅលើដីគោក និងលើទឹក។ នេះបានន័យថាគោលដៅលើដីគោក DF-26 អាចវាយប្រហារដល់មូលដ្ឋានទ័ពអាមេរិកនៅកោះហ្កាំ (Guam) រីឯ គោលដៅនៅលើ ទឹក គឺអាចវាយប្រហារលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដូចជាស៊េរី Ford-Class។

មីស៊ីល DF-26 ត្រូវបានរាយការណ៍ថាអាចបាញ់បានរយ​ៈចម្ងាយជាង ៤,០០០គីឡូម៉ែត្រ និងត្រូវបានដំឡើងលើយានបាញ់មីស៊ីលដែលចល័តបាន។ មីស៊ីលប្រភេទ IRBM ដំណើរការដោយឥន្ធនៈរឹងនេះ មានប្រវែងបណ្ដោយ ១៤ម៉ែត្រ និងមានទម្ងន់ ២០,០០០គីឡូក្រាមជាមួយការបំពាក់ក្បាលគ្រាប់ ហើយក្បាលគ្រាប់របស់វាមាន ទម្ងន់ពី១,២០០ ដល់១,៨០០គីឡូក្រាម។

* ការធ្វើតេស្ដ និងការអភិវឌ្ឍមីស៊ីល DF-26

ក្រុមអ្នកវិភាគបានឱ្យដឹងថាទីក្រុងប៉េកាំងប្រហែលជាបានដឹកនាំការធ្វើតេស្ដប្រតិបត្តិការជាលើកដំបូង នៃមីស៊ីល DF-26 មានរហ័ស្សនាមថា «អ្នកពិឃាដនាវាផ្ទុក យន្ដហោះចម្បាំង» នៅដើមឆ្នាំ២០១៧។ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំដដែល ទើបក្រសួងការពារជាតិចិន បានចេញសេចក្ដីថ្លែងការណ៍មួយទទួលស្គាល់លើការធ្វើតេស្ដ បាញ់មីស៊ីលស៊េរីថ្មីមួយក្នុងតំបន់សមុទ្រ Bohai ដោយទទួលបានលទ្ធផលដូចការរំពឹងទុក។ ក៏ប៉ុន្តែ ក្នុងពេលនោះ ខណៈអ្នកវិភាគយោធាចិនជាច្រើនជឿថា វាជាការធ្វើតេស្ដមីស៊ីល DF-26 អ្នកវិភាគលោកខាងលិចមួយចំនួនបែរជាយល់ថាចិនបានធ្វើតេស្ដបាញ់ប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក​ដូចជាមីស៊ីល JL-3 SLBM ទៅវិញ។

ក្រោយមកទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចិនត្រូវបានរាយការណ៍ថាបានធ្វើតេស្ដបាញ់មីស៊ីល DF-26 ចំនួន៤គ្រាប់ ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង (Inner Mongolia) នៅក្នុងការហាត់សមវាយប្រហារលើប្រព័ន្ធមីស៊ីលការពារដែនអាកាសអាមេរិក THAAD។

ក្នុងខែសីហា ឆ្នាំ២០២០ កងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន​ PLA បានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីល DF-26 ប្រភេទប្រឆាំងនាវាចម្បាំង នោះគឺមីស៊ីល DF-26B នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលត្រូវបានរាយការណ៍ថាវាយប្រហារចំនាវាមួយកំពុងចលនាផ្លាស់ទី។ លើសពីនេះទៅទៀត ក្នុងខែមិថុនា ឆ្នាំ២០២១ កងកម្លាំងរ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន​ PLA បានធ្វើតេស្ដបាញ់មីស៊ីល DF-26 អំឡុងសមយុទ្ធយោធាមួយនៅពេលយប់ និងហាត់សមផ្លាស់ទីតាំងនៃយានបាញ់មីស៊ីលនេះផងដែរ ក្នុងសេណារីយ៉ូមានសង្រ្គាម។

គួរបញ្ជាក់ថា ខណៈចិនអះអាងថា DF-26 មានសមត្ថភាពបាញ់ពន្លិចនាវាផ្ទុកយន្ដហោះចម្បំាងអាមេរិក យោធាអាមេរិកវិញក៏ត្រូវបានគេរាយការណ៍ដែរថាបានបំពាក់ប្រព័ន្ធ ការពារលើនាវាចម្បាំងរបស់ខ្លួន ដែលមានសមត្ថភាពអាចបាញ់ទម្លាក់មីស៊ីល ដូចជាអាវុធឡាស៊ែរ SM-6 និង HELIOS ដែលនឹងក្លាយជាឧបសគ្គមួយដ៏ធំសម្រាប់ចិន ក្នុងការវាយប្រហារលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងឱ្យប្រាកដនោះទេ រហូតទាល់តែអាវុធទាំងនោះ ត្រូវបានប្រើលើសមរភូមិជាក់ស្ដែង៕