(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានរំលឹកឡើងវិញនៅថ្ងៃចន្ទនេះ ពីការអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ហើយសម្តែងការព្រួយបារម្ភពិសេសចំពោះការវាយប្រហាររបស់អ៉ីស្រាអែលទៅលើទីក្រុង Rafah របស់តំបន់ហ្គាហ្សា ជាកន្លែងដែលប្រជាជនភាគច្រើនភៀសខ្លួនទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Ghebreyesus បានឱ្យដឹងថា មានតែមន្ទីរពេទ្យចំនួន ១៥ប៉ុណ្ណោះក្នុងចំណោម ៣៦មន្ទីរពេទ្យនៅហ្គាហ្សា ដែលដំណើរការដោយផ្នែក ឬតិចតួចបំផុត ហើយបុគ្គលិកជំនួយកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងកាលៈទេសៈដែលមិនអាចទៅរួច។ លោក Ghebreyesus បានប្រាប់ក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ថា WHO ដែលជាទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បន្តអំពាវនាវឱ្យមានលទ្ធភាពទទួលបានសុវត្ថិភាពសម្រាប់បុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់នានា ក៏ដូចជាឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង និងមានបទឈប់បាញ់។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៉ីស្រាអែល បានសម្លាប់មនុស្ស ៤៨នាក់នៅទីក្រុង Rafah របស់តំបន់ហ្គាហ្សា៕

រូបភាពពី Reuters