(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ត្រូវធ្វើដំណើរទៅកាន់ប្រទេសបារាំង និងអាល្លឺម៉ង់នៅថ្ងៃចន្ទនេះ ខណៈសមាជិកសហភាពអឺរ៉ុបទាំង ៣ស្វែងរកការចងសម្ព័ន្ធភាពគ្នាកាន់តែជិតស្និទ្ធ ចំពេលប្រឈមមុខនឹងការកើនឡើងនូវហានិភ័យផ្នែកសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

ខណៈសង្គ្រាមនៅអ៊ុយក្រែនជិតឈានចូលដល់ឆ្នាំទី ៣ ហើយការក្លាយជាប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ អាចគំរាមកំហែងដល់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តយោធាឆ្លងអាត្លង់ទិករបស់ NATO នោះ ប៉ូឡូញ បារាំង និងអាល្លឺង់ មើលឃើញថាការរួបរួមគ្នាលើវិស័យការពារជាតិជាកត្តាចាំបាច់។

មន្រ្តីរដ្ឋាភិបាលប៉ូឡូញមួយរូប បានបញ្ជាក់ថា «អឺរ៉ុបត្រូវតែធ្វើសកម្មភាពរួមគ្នា។ វាគឺជាសំណួរដែលត្រូវឆ្លើយថានឹងមានអ្វីកើតឡើង ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត។ យើងគ្មានពេលទៀតទេ យើងត្រូវតែមានសមត្ថភាពផ្នែកឧស្សាហកម្មការពារខ្លាំងជាងមុន»។ ប្រភពដដែល បានបន្ថែមថា អឺរ៉ុបត្រូវការរួមគ្នាផលិតគ្រាប់រំសេវជាបន្ទាន់ ហើយប៉ូឡូញលែងរារាំងចំពោះ «ស្វ័យភាពជាយុទ្ធសាស្ត្រ» ទៀតហើយ នោះទើបធ្វើឱ្យអឺរ៉ុបមិនសូវពឹងផ្អែកលើអ្នកដទៃ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប៉ូឡូញ និងអាល្លឺម៉ង់ ស្ថិតក្រោមលក្ខណៈតានតឹងដោយសារតែការគ្រប់គ្រងបែបជាតិនិយមរយៈពេល ៨ឆ្នាំមកនេះ។ បើតាមអ្នកវិភាគ ការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់ លោក Tusk ដែលធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប អាចនឹងងាយស្រួលក្នុងការស្តារឡើងវិញនូវវេទិកា Weimar Triangle ដែលជាកិច្ចសហប្រតិបត្តិការខាងនយោបាយរវាងអាល្លឺម៉ង់ បារាំង និងប៉ូឡូញ បង្កើតឡើងកាលពីឆ្នាំ ១៩៩១៕

រូបភាពពី Reuters