(មូស្គូ)៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញយន្តហោះចំនួន ១៤គ្រឿងក្នុងចំណោម ១៧គ្រឿងដែលរុស្ស៉ីបានបាញ់ពេញមួយយប់ និងមីស៉ីល Kh-59 មួយគ្រាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

តាមរយៈបណ្តាញតេឡេក្រាម កងទ័ពអាកាសបញ្ជាក់ថា រុស្ស៉ីបានបាញ់មីស៉ីលប៉ុន្មានគ្រាប់ចេញពីប្រព័ន្ធមីស៉ីលរយៈចម្ងាយឆ្ងាយ S-300។ ចំណែកលោក Oleh Synehubov អភិបាលតំបន់ Kharkiv ក៏បញ្ជាក់ថា មានការវាយប្រហារមកលើតំបន់របស់លោកដោយមីស៉ីល ដែលបាញ់ពីប្រព័ន្ធមីស៉ីល S-300 ចេញពីតំបន់ Belgorod ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន។ រីឯ លោក Serhiy Lisak អភិបាលតំបន់ Dnipropetrovsk និយាយថា រុស្ស៉ីបានវាយប្រហារទីក្រុង Pavlohrad ក្នុងតំបន់ ដោយយន្តហោះដ្រូន ប៉ុន្តែមិន​មាន​អ្នក​រង​របួស​នោះទេ ដោយគ្រាន់តែ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាន​ដាច់ចរន្តអគ្គិសនី។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានទេ។ ទាំងរុស្ស៉ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារតាមអាកាសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយផ្តោតលើគោលដៅថាមពល យោធា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់គ្នាទៅវិញទៅមក៕

រូបភាពពី Reuters