(ញូវដេលី)៖ ក្រសួងការបរទេសឥណ្ឌា បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹកឥណ្ឌាចំនួន ៨នាក់ក្រោយទម្លាក់ការកាត់ទោសប្រហារជីវិតដែលដាក់លើពួកគេ កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

បុរសទាំង ៨នាក់នេះធ្វើការលើគម្រោងនាវាមុជទឹកជាមួយក្រុមហ៊ុនឯកជនសម្រាប់អាជ្ញាធរកាតា និងត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០២២។ ដំបូងឡើយ ពួកគេត្រូវកាត់ទោសប្រហារជីវិតនៅខែតុលា ឆ្នាំ ២០២៣ ដោយបើតាមប្រភពសុំមិនបញ្ចេញឈ្មោះពីឥណ្ឌា និងកាតា គឺក្រោមការចោទប្រកាន់ពីបទធ្វើចារកម្មឱ្យអ៉ីស្រាអែល។

ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «យើងពេញចិត្តចំពោះការសម្រេចរបស់ព្រះមហាក្សត្សនៃប្រទេសកាតា ក្នុងការអនុញ្ញាតឱ្យមានការដោះលែង និងត្រឡប់មកផ្ទះវិញដោយបន្ថែមថា ៧នាក់ក្នុងចំណោមពួកគេទាំង ៨នាក់បានត្រឡប់មកឥណ្ឌាវិញហើយ»

គួរបញ្ជាក់ថា មានពលរដ្ឋឥណ្ឌាជាង ៨០០,០០០នាក់កំពុងរស់នៅ និងធ្វើការក្នុងប្រទេសកាតា ដែលជាអ្នកផ្តល់ឧស្ម័នធម្មជាតិដ៏សំខាន់សម្រាប់ឥណ្ឌា៕

រូបភាពពី Reuters