(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហាតម្រង់នោម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ Pat Ryder ដែលជាអ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin អាយុ ៧០ឆ្នាំ បានផ្ទេរកិច្ចការក្នុងការិយាល័យរបស់លោក ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិ គឺ លោក Kathleen Hicks។

ទោះបីលោកឧត្តមសេនីយផ្កាយ ៤ចូលនិវត្តន៍រូបនេះ ធ្លាប់ដឹកនាំកងកម្លាំងនៅអ៉ីរ៉ាក់ និងជារដ្ឋមន្ត្រីការពារជាតិស្បែកខ្មៅដំបូងគេរបស់អាមេរិក ស្ថិតនៅក្នុងមន្ទីរពេទ្យតាំងពីខែមុន តែកងកម្លាំងអាមេរិកបាននិងកំពុងបើកការវាយប្រហារសងសឹកប្រឆាំងមេដឹកនាំកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់។ ឥឡូវនេះ មានការស៉ើបអង្កេត ៣ករណីផ្សេងគ្នាទៅលើអាកប្បកិរិយារបស់ លោក Austin ក្នុងនោះមួយករណីធ្វើឡើងដោយការិយាល័យអធិការកិច្ចរបស់មន្ទីរបញ្ចកោណផ្ទាល់ ដែលជាទីភ្នាក់ងារឃ្លាំមើល និងតាមដានសំណល់ផ្នែកយោធា ការក្លែងបន្លំ និងការរំលោភបំពាន។ ប្រធាន​គណៈកម្មាធិការ​សេវា​កម្មប្រដាប់អាវុធ​នៃព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Rogers បាន​ទូរស័ព្ទ​ទៅ​ លោក Austin ​ដើម្បី​ផ្តល់​សក្ខីកម្ម។

គួរបញ្ជាក់ថា ទាំងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យបានរិះគន់លោក Austin ចំពោះការដែលមិនបង្ហាញពីដំណឹងចូលធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងការចូលសម្រាកមន្ទីរពេទ្យជាបន្តបន្ទាប់ក្នុងខែធ្នូ និងខែមករា រួមទាំងចំពោះលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ សមាជិក​មានឥទ្ធិពលមួយចំនួនរបស់បក្សសាធារណរដ្ឋ​ រួម​ទាំង​អតីត​ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងអំពាវនាវ​ឱ្យដកលោក Austin ចេញ​ពី​ការងារ៕

រូបភាពពី Reuters