(គែរ)៖ កងពលតូច Al-Qassam របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានឱ្យដឹងនៅថ្ងៃអាទិត្យនេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៩៦ ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួនពីរនាក់ និង ០៨នាក់ទៀតរងរបួសធ្ងន់។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍អំពីចំណាប់ខ្មាំង ដែលនៅសេសសល់បាននិយាយថា «លក្ខខណ្ឌរបស់(ពួកចំណាប់ខ្មាំង) កាន់តែមានគ្រោះថ្នាក់ ខណៈ ការផ្តល់ការព្យាបាលដល់ពួកគេមានមិនគ្រាប់គ្រាន់ទេ។ (អ៊ីស្រាអែល) ទទួលខុសត្រូវទាំងស្រុង ចំពោះជីវិតរបស់អ្នកដែលរងរបួស ដោយសារការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់ពួកគេ»

គួររំលឹកថា ក្នុងអំឡុងពេលសម្រាកបាញ់គ្នារយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និងបរទេសជាង ១០០ នាក់ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ២៤០ នាក់របស់អ៊ីស្រាអែល។ ហើយអ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំង​ចំនួន ១៣៦ នាក់ទៀត​នៅបន្ត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​តំបន់ហ្គាហ្សា។

ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្ស ១,២០០ នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២៥០ នាក់ នៅក្នុងការឈ្លានពានកាលពីថ្ងៃទី ០៧ ខែតុលា។ ហើយអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំ លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,០០០ នាក់៕

រូបភាពពី AFP