(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦ នាក់ និង ៦៧,៧៨៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤។

របាយការណ៍បានបន្ថែមថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ត្រូវបានសម្លាប់ និង ១៧៣ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥ នាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

ប្រភពប៉ាឡេស្ទីន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំយ៉ាងហឹង្សា ទៅលើទីក្រុង Khan Yunis, Deir al-Balah, Rafah, និងហ្គាហ្សា ដែលនាំឱ្យមានការសម្លាប់ និងរបួសរាប់សិបនាក់ ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលមនុស្សប្រហែល ១,២០០ នាក់ ត្រូវបានសម្លាប់នៅក្នុងអ៊ីស្រាអែល និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

រូបភាពពី AFP