(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះ បានចោទប្រកាន់ថានាវាឆ្មាំសមុទ្រចិន បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ អំឡុងប្រតិបត្តិការ ល្បាតមួយមានរយៈពេល៩ថ្ងៃ នៅក្បែរតំបន់ថ្មប៉ប្រះទឹកមួយនៃឆ្នេររបស់ហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP។

នាវាឆ្មាំសមុទ្រហ្វីលីពីន BRP Teresa Magbanua ត្រូវបានដាក់ពង្រាយកាលពីដើមខែកុម្ភៈ ដើម្បីធ្វើប្រតិបត្តិការល្បាត ក្នុងតំបន់ជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាតំបន់ដ៏សម្បូរត្រីមួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីធានាសុវត្ថិភាពអ្នកនេសាទហ្វីលីពីនក្នុងតំបន់នេះ។ តំបន់ថ្មប៉ប្រះទឹកនេះ គឺជាចំណុចដ៏ក្ដៅមួយ នៅក្នុងវិវាទទឹកដីរវាងចិន និងហ្វីលីពីន និងដែលត្រូវបានចិនគ្រប់គ្រងចាប់តាំងពីឆ្នាំ២០១២មក។

បើតាមឆ្មាំសមុទ្រហ្វីលីពីន អំឡុងធ្វើប្រតិបត្តិការល្បាត នាវាឆ្មាំសមុទ្រចិន បានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ ន​ិងបានរារាំងដំណើររបស់នាវាឆ្មាំសមុទ្រហ្វីលីពីន BRP Teresa Magbanua ចំនួន ៤លើក និងបើកកាត់មុខនាវាឆ្មាំសមុទ្រហ្វីលីពីន ចំនួន២លើកផងដែរ។ ប៉ុន្តែ ខាងស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនបានធ្វើ អត្ថាធិប្បាយអ្វីទេ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រពីភាគខាងលិចកោះ Luzon របស់ហ្វីលីពីន និងស្ថិតនៅចម្ងាយជិត ៩០០គីឡូម៉ែត្រ ពីតំបន់ជិតបំផុតនៃខេត្ត Hainan របស់ចិន។ នៅក្រោមអនុសញ្ញា UN ឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ ប្រទេសមួយមានសិទ្ធិស្របច្បាប់លើធនធាន ធម្មជាតិដែលស្ថិតនៅចម្ងាយ ៣៧០គីឡូម៉ែត្រពីច្រាំងឆ្នេររបស់ពួកគេ៕

រូបភាពពី Reuters