(ហ្ស៊េរុយសាឡិម)៖ ការគំរាមពីការវាយលុករបស់កងទ័ពអ៉ីស្រាអែល ចូលទៅក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងបំផុតនៃតំបន់ហ្កាហ្សា នៅតែមានមកទល់នឹង ថ្ងៃអាទិត្យនេះ ខណៈនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសន្យាបង្កើតច្រកសុវត្ថិភាពមួយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Benjamin Netanyahu ធ្វើការកត់សម្គាល់ខាងលើ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃអាទិត្យនេះ ជាមួយ ការបញ្ជាក់ឡើងវិញពីបំណងរបស់លោក ក្នុងការពង្រីកសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ចូលទៅកាន់ទីក្រុង Rafah។ បើទោះជាមានការព្រមានពី អន្តរជាតិថាការវាយលុកណាមួយរបស់អ៉ីស្រាអែលក្នុងទីក្រុង Rafah អាចនឹងបណ្ដាលឱ្យជនស៊ីវិលជាច្រើនស្លាប់ក៏ដោយ ក៏លោក Netanyahu នៅតែទទូចថា អ៉ីស្រាអែល នឹងបើកការវាយលុកតាមផែនការ។ «យើងនឹងបើកការវាយលុក ខណៈផ្ដល់ច្រកផ្លូវសុវត្ថិភាពសម្រាប់ប្រជាជនស៊ីវិល ដើម្បីឱ្យពួកគេអាចគេចខ្លួន»។ នេះជាការបញ្ជាក់របស់ លោក Netanyahu។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២៨,០៦៤នាក់ហើយ ក្នុងភាគច្រើនជា ជនស៊ីវិលជាស្ត្រី និងកុមារ ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្សជាង ១,១៦០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ជាចំណាប់ខ្មាំង៕

រូបភាពពី Reuters