(ហ្កាហ្សា)៖ យោធាអ៉ីស្រាអែល បានអះអាងថាកងកម្លាំងរបស់ខ្លួនបានរកឃើញបណ្ដាញផ្លូវរូងក្រោមដីមួយមានប្រវែងបណ្ដោយរាប់រយម៉ែត្រ និងរត់កាត់មួយផ្នែក ក្រោមទីស្នាក់ការរបស់ទីភ្នាក់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

ការអះអាងរបស់យោធាអ៉ីស្រាអែល កើតមានឡើងចំពេល UNRWA កំពុងជួបវិបាកដោយប្រទេសជាម្ចាស់ជំនួយជាច្រើនបានបង្កកជំនួយរបស់ពួកគេ ជុំវិញ ការចោទប្រកាន់ពីសំណាក់អ៉ីស្រាអែល កាលពីខែមករាថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារ UN មួយនេះមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ តាមយោធាអ៉ីស្រាអែល ផ្លូវរូងក្រោមដីដែលពួកគេបានរកឃើញមានប្រវែងបណ្ដោយ ៧០០ម៉ែត្រ និងមានជម្រៅ ១៨ម៉ែត្រ។

ប៉ុន្តែ ខាងប៉ាឡេស្ទីនបានច្រានចោលការចោទប្រកាន់នេះថារឿងមិនពិតចង់បំផ្លាញ UNRWA ដែលមានបុគ្គលិកជាង ៣០០០នាក់ កំពុងបម្រើការក្នុងតំបន់ ហ្កាហ្សា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទីស្នាក់ការមួយចំនួនរបស់ UNRWA ក្នុងទីក្រុងហ្កាហ្សា គឺស្ថិតនៅក្នុងចំណោមទីតាំងនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលកងទ័ពអ៉ីស្រាអែល និងរថក្រោះបានវាយឆ្មក់ចូល នៅក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដែលបង្ខំឱ្យប្រជាជនរាប់សែននាក់ភៀសខ្លួនទៅភាគខាងត្បូង៕

រូបភាពពី Reuters