(ម៉ានីល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះបានឱ្យដឹងថាចំនួនអ្នកសា្លប់ នៅក្នុងហេតុការណ៍បំណាក់ដី នៅភាគខាងត្បូងនៃ ប្រទេសបានកើនដល់ ៣៥នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកអ្នកដែលអាចនៅរស់រានជីវិតកប់នៅក្រោមល្បាប់ភក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍បំណាក់ដីខាងលើ បានកើតឡើងកាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ នៅក្បែរតំបន់រ៉ែមាសមួយកន្លែងក្នុងទីក្រុង Maco នៃខេត្ត Davao de Oro ដោយបានកប់ផ្ទះ និងរថយន្ដដឹកកម្មកររ៉ែមាសរបស់ក្រុមហ៊ុន Apex Mining។

តាមមន្ត្រីម្នាក់ក្នុងខេត្ត Davao de Oro ចំនួនអ្នកស្លាប់បានកើនឡើងពី២៨នាក់ ដល់៣៥នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ រីឯមនុស្ស ៧៧នាក់បន្តបាត់ខ្លួន នៅឡើយ និង៣២នាក់រងរបួស។

គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះ ៣០០នាក់ កំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ប៉ុន្តែប្រតិបត្តិការនេះកំពុងជួបការលំបាកដោយសារមានភ្លៀងធ្លាក់ ខ្លាំង ដែលបង្កឱ្យមានការបារម្ភថាអាចនឹងមានបំណាក់ដីបន្ថែមទៀត៕

រូបភាពពី Reuters