(តេហេរ៉ង់)៖ ប្រមុខការទូតអ៉ីរ៉ង់ បានព្រមានកាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈថាការវាយប្រហារទ្រង់ទ្រាយធំណាមួយរបស់អ៉ីស្រាអែល លើប្រទេសលីបង់ នឹងនាំ ទៅរកទីបញ្ចប់របស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចំពោះមុខការកើនឡើងការបាញ់ផ្លោងឆ្លងដែនដាក់គ្នា ជុំវិញសង្រ្គាមហ្កាហ្សា។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

កងកម្លាំងអ៉ីស្រាអែល និងក្រុម Hezbollah ដែលជាចលនាដាប់ប្រអាវុធដ៏មានឥទ្ធិពលនៅលីបង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសផងនោះបានបាញ់ផ្លោង កាំភ្លើងធំដាក់គ្នាទៅវិញទៅមកស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល​ និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីបេរូត រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានលើកឡើងដូច្នេះថា «រាល់សកម្មភាពរបស់របប Zionist (អ៉ីស្រាអែល) ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសលីបង់ នឹងនាំទៅរកទីបញ្ចប់របស់ Netanyahu...ហើយតាម ការវាយតម្លៃរបស់យើង របប​ Zionist នឹងមិនមានសមត្ថភាពធ្វើសង្រ្គាមក្នុងសមរភូមិ២ទិសឡើយ»

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ដដែលនោះដែរ លោក Amir-Abdollahian ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ដកស្រង់សម្ដីដោយបាននិយាយថាស្ថានការណ៍ ក្នុងតំបន់ហ្កាហ្សា កំពុងឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយ ប៉ុន្តែថាលោក Netanyahu នៅតែមើលឃើញថាសង្រ្គាមនៅហ្កាហ្សា អាចសង្រ្គោះជីវិត នយោបាយរបស់លោក៕

រូបភាពពី Reuters