(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈបាននិយាយថារបបសឹកមីយ៉ាន់ម៉ា បានប្រកាសពីការអនុវត្តកាតព្វកិច្ចយោធាលើ យុវជនជាបុរស និងស្ត្រីទាំងអស់ ខណៈកំពុងជួបការលំបាក ក្នុងការវាយប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតាមតំបន់ជាច្រើន ក្នុងប្រទេស។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឱ្យដឹងថាបុរសទាំងអស់ដែលមានអាយុ ១៨ឆ្នាំ ដល់៣៥ឆ្នាំ និងស្ត្រីមានអាយុពី១៨ ដល់២៧ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ច យោធារយៈពេល២ឆ្នាំ ខណៈអ្នកមានវិជ្ជាជីវៈឯកទេសដូចជាគ្រូពេទ្យមានអាយុ ៤៥ឆ្នាំឡើង ត្រូវបំពេញកាតព្វកិច្ចយោធា៣ឆ្នាំ។ មិនតែប៉ុណ្ណោះ កាតព្វកិច្ច យោធានេះក៏អាចត្រូវបានពន្យាររហូតដល់ ៥ឆ្នាំផងដែរ អំឡុងការដាក់ប្រទេសក្នុងភាពអាសន្ន។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងអំពើហិង្សា និងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីឆ្នាំ២០២១មក។ តែ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មកដែរ យោធាមីយ៉ាន់ម៉ាបានបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន នៅក្នុងការប្រយុទ្ធជាមួយសម្ព័ន្ធភាពប្រដាប់ជនជាតិភាគតិច ចំនួន៣ ដែលបាន និងកំពុងរួមដៃគ្នាប្រឆាំងនឹងរបបសឹក។ នេះគឺជាបញ្ហាប្រឈមដ៏ធំមិនធ្លាប់មានដែលរបបសឹកមីយ៉ាន់កំពុងជួបប្រទះ ចាប់តាំងពី ឡើងកាន់អំណាចដំបូងបំផុតក្នុងឆ្នាំ១៩៦២មក។

ច្បាប់ស្ដីពីកាតព្វកិច្ចយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ឱ្យប្រើក្នុងឆ្នាំ២០១០។ ប៉ុន្តែច្បាប់នេះមិនធ្លាប់ត្រូវបានអនុវត្តឡើយ រហូតមកដល់បច្ចុប្បន្ន ហើយអ្នកដែលគេចវេស ឬមិនអនុវត្តតាម អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ៥ឆ្នាំ៕

រូបភាពពី Reuters