(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះបានរាយការណ៍ពីវត្តមានបាឡុងចិនចំនួន៨គ្រឿង ២ថ្ងៃជាប់ៗគ្នា ហើយក្នុងនោះមានបាឡុង ៥គ្រឿងហោះពីលើកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ បាឡុងរបស់ចិនត្រូវបានប្រទះឃើញកាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំចិន ដោយ ហោះនៅរយៈកម្ពស់ពី ១២,០០០ ដល់៣៥,០០០​ ហ្វីត (feet)។ ក្រសួងឱ្យដឹងទៀតថាក្នុងចំណោមបាឡុងចិនទាំង៨គ្រឿង មាន៥គ្រឿងហោះក្នុងទិសដៅពីលើកោះតៃវ៉ាន់ រីឯមួយគ្រឿងហោះឆ្ពោះទៅភាគខាងជើង។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរពីវត្តមានបាឡុងចិន ៨គ្រឿង កាលពីថ្ងៃសុក្រ ដែល ជាចំនួនបាឡុងច្រើនបំផុត ចាប់តាំងពីក្រសួងចាប់ផ្ដើមចេញផ្សាយជាប្រចាំពីទិន្នន័យស្ដីពីបាឡុងចិនចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣មក។

កាលពីខែកុម្ភៈ ឆ្នាំមុន ក្រសួងការពារជាតិតៃវ៉ាន់ បានក្រើនរំឮកដល់អាជ្ញាធរអាកាសចរណ៍របស់ខ្លួនឱ្យមានការប្រុងប្រយ័ត្ន ក្រោយ ប្រទះឃើញបាឡុងមួយ ហោះហើរក្នុងដែនអាកាសរបស់តៃវ៉ាន់ ប៉ុន្តែមិនបានបញ្ជាក់ថាតើបាឡុងនោះជាកម្មសិទ្ធិរបស់នរណា ឬមានប្រភពមកពីណានោះទេ៕

រូបភាពពី Reuters