(ហ្គាហ្សា)៖ មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បានព្រមានកាលពីថ្ងៃសៅរ៍ (១០ កុម្ភៈ) ថា ប្រតិបត្តិការយោធាដែលបានគ្រោងទុក របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ដែលតូចចង្អៀត អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈទីក្រុងនេះបានក្លាយជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ផែនការវាយប្រហានេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមរដ្ឋាភិបាលបរទេស រួមទាំងសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយដែលកំពុងតស៊ូ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សាផងដែរ។

ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពយោធាណាមួយនឹងមានផលវិបាកមហន្តរាយ ហើយ «ប្រសិនបើទីក្រុង Rafah ត្រូវបានឈ្លានពាន វាអាចបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ម៉ឺននាក់»

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានទៀតថា ខ្លួននឹងធ្វើឱ្យ «រដ្ឋាភិបាលសហរដ្ឋអាមេរិក សហគមន៍អន្តរជាតិ និងអ៊ីស្រាអែល» ទទួលខុសត្រូវ ប្រសិនបើរឿងនេះកើតឡើង។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក Netanyahu បានស្នើឱ្យមន្ត្រី «បង្ហាញដល់រដ្ឋាភិបាលនូវផែនការរួមមួយ ដើម្បីជម្លៀសអ្នកស្រុក និងបំផ្លាញកងពលតូចក្រុមហាម៉ាសក្នុងទីក្រុង Rafah ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ចេញការរិះគន់ខ្លាំងបំផុតរបស់គាត់ ចំពោះការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារថ្ងៃទី ៧ ខែតុលា។

ផែនការនេះបានធ្វើឱ្យមានការថ្កោលទោសពីការិយាល័យ របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ។

អារ៉ាប៊ីសាអូឌីតបានព្រមានកាលពីថ្ងៃសៅរ៍អំពី «មហន្តរាយមនុស្សធម៌» ប្រសិនបើផែនការនេះទៅមុខ។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បា​នច្រានចោលយ៉ាងដាច់អហង្ការចំពោះ «ការជម្លៀសដោយបង្ខំ» ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍៕

រូបភាពពី AFP