(គៀវ)៖ ក្រុមមន្ត្រីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃសៅរ៍ (១០ កុម្ភៈ) ថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារ ដោយយន្តហោះដ្រូនគ្មានមនុស្សបើក លើទីក្រុង Kharkov របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ០៧ នាក់ ក្នុងនោះរួមទាំងកុមារតូចៗ ៣នាក់ផងដែរ និងបាបណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះលំនៅដ្ឋានជាច្រើនខ្នង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Oleh Sinyhopov អភិបាលតំបន់ Kharkiv បាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុងនៃតំបន់នេះកាលពីល្ងាចថ្ងៃសុក្រ ដោយវាយចំហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញផ្ទះលំនៅដ្ឋានយ៉ាងហោចណាស់ ១៥ ខ្នងនៅភាគខាងកើតទីក្រុង។

លោកបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ដូច្នេះថា «ជាលទ្ធផលនៃការវាយប្រហារ មនុស្ស ០៧ នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារបីនាក់ ដែលមានអាយុ ៧​ ម្នាក់ និង ៤ ឆ្នាំម្នាក់ និងទារកដែលមានអាយុប្រហែល ៦ខែម្នាក់»។ លោក​បាន​បន្ថែម​ថា មនុស្ស​បី​នាក់​ទៀតបាន​រង​របួស។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងការពារដែនអាកាស និងក្រុមចល័តនៃអ្នកប្រមាញ់យន្តហោះដ្រូន បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ២៣ គ្រឿងក្នុងចំណោម ៣១ គ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយរុស្ស៊ី តម្រង់គោលដៅទៅកាន់តំបន់ Kharkiv នៅភាគឦសានរបស់ប្រទេស ក៏ដូចជាតំបន់ Odessa នៅភាគខាងត្បូងផងដែរ។

គួរបញ្ជាក់ថា តំបន់ Kharkiv ស្ថិតនៅក្រោមការវាយប្រហារជាប្រចាំចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានក្លាយជាគោលដៅញឹកញាប់ជាងគេ នៃការវាយប្រហាររបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

រូបភាពពី Reuters