(បេរូត)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារមួយ ក្នុងតំបន់មួយក្បែររដ្ឋធានីនៃប្រទេសស៊ីរី កាលពីព្រឹកថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

លោក Rami Abdel Rahman ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មនុស្សបីនាក់ត្រូវបានសម្លាប់ នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះ។ ប៉ុន្តែលោកមិនអាចបញ្ជាក់បានភ្លាមៗថា តើអ្នកស្លាប់ជាអ្នកប្រយុទ្ធឬយ៉ាងណានោះទេ។

លោក Rahman បានបន្ថែមថា មនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយឆ្មក់ទៅលើសង្កាត់មួយដែលមាន «ផ្ទះវីឡាសម្រាប់បុគ្គលិកយោធាជាន់ខ្ពស់ និងមន្ត្រី»

ក្រុមអ្នកសង្កេតការណ៍សង្គ្រាមដែលមានប្រភពនៅក្នុងប្រទេសស៊ីរីបានរាយការណ៍មុននេះថា «អ៊ីស្រាអែលបានវាយប្រហារអគារលំនៅដ្ឋានមួយនៅភាគខាងលិច នៃរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊ីរី»

គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិលស៊ីរីក្នុងឆ្នាំ ២០១១ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់រយដង ប្រឆាំងនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដោយផ្តោតជាចម្បងទៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ រួមទាំងយុទ្ធជនហេសបូឡា ក៏ដូចជាទីតាំងកងទ័ពស៊ីរីផងដែរ។

ការវាយប្រហារបានកើនឡើង ចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣៕

រូបភាពពី Reuters