(ប៉េកាំង)៖ ស្នូរជួងឆ្នាំថ្មីតាមចន្ទគតិចិនបានបន្លឺឡើង ប្រជាជនចិនចំនួនជាង១ពាន់លាននាក់បានអបអរទទួលឆ្នាំរោងប្រពៃណីចិន ។ ក្នុងវប្បធម៌ប្រពៃណីប្រជាជាតិចិន សត្វរោងមានន័យថា ខិតខំប្រឹងប្រែង សិរីមង្គលនិងកម្លាំង។ ឆ្នាំរោងត្រូវគេចាត់ទុកថា ជាឆ្នាំដ៏មានសិរីមង្គល ហើយក៏មានន័យថា បាននិងកំពុងសម្រេចបាននូវក្តីសង្ឃឹមនិងសុបិនរបស់ប្រជាជននិងប្រទេសជាតិ យុគសម័យថ្មីបាននិងកំពុងឈានមកដល់។

នៅឆ្នាំ២០២៣ ប្រទេសចិនបានទប់ទល់នឹងសម្ពាធខាងក្រៅ ពុះពារឧបសគ្គនៅផ្ទៃក្នុង សេដ្ឋកិច្ចជាតិចិនបានងើបឡើងវិញ ដោយមានភាពល្អប្រសើរ។ នៅពេញមួយឆ្នាំ ផលិតផលក្នុងស្រុកសរុបបានលើសពី១២៦ទ្រីលានយាន់ប្រាក់ចិន បានកើនជាង៥,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានឈរនៅលំដាប់នាំមុខ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោក។ យោងតាមសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ចំណូលរបស់ប្រជាជនក៏បានរក្សាភាពនឹងនរ ដែលបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់ការលើកកម្ពស់ សមត្ថភាពចំណាយរបស់ប្រជាជន។

មុននឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនថាវេទិកាទិញទំនិញតាមអនឡាញឬមួយក៏ផ្សារទំនើប ទំនិញមានគុណភាពខ្ពស់ ដែលមកពីតំបន់នានានៅទូទាំងពិភពលោក ទទួលប្រជាប្រិយភាពពីសំណាក់ប្រជាជនចិន ហើយបានដាក់ទំនិញបរទេស ពេញរទេះទិញអីវ៉ាន់ សម្រាប់ចូលឆ្នាំថ្មីចិន។ "សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន"ដែលមានភាពអ៊ូអរនិងវិបុលភាព បានក្លាយជាឱកាសពាណិជ្ជកម្មរបស់សហគ្រា នៃបណ្តាប្រទេសនានាដែលមិនអាចឱ្យកន្លងហួសបាន ហើយទីផ្សារប្រើប្រាស់ដ៏ខ្លាំងក្លា ក៏បានឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសេដ្ឋកិច្ចចិនផងដែរ។

នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ បាននិងកំពុងបញ្ជូនភាពចុះសម្រុងគ្នា ទៅកាន់ពិភពលោកទាំងមូល ព្រមទាំងធ្វើឱ្យបុណ្យចូលឆ្នាំថ្មីចិន ក្លាយជាកាលានុវត្តភាពមួយទៀត សម្រាប់ឱ្យប្រទេសចិននិងពិភពលោករួមគ្នា ចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍន៍ ។ នៅខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៃបានធ្វើការពិគ្រោះពិភាក្សានិងអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដែលបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាបុណ្យរបស់ចិន ហើយក៏ជាបុណ្យសកលផងដែរ នៅលើពិភពលោកទាំងមូល មានប្រទេសចំនួនជិត២០ បានកំណត់បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់។

ប្រជាជនចំនួន១ភាគ៥នៅលើពិភពលោក អបអរសាទរបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិចិនតាមទម្រង់ខុសៗគ្នា ប្រជាជនចិននិងបរទេសរួមគ្នាចែករំលែកវប្បធម៌ បុណ្យចូលឆ្នាំចិនដែលប្រកបដោយ ភាពសប្បាយរីករាយនិងសិរីមង្គល ។
នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្សាយបន្តផ្ទាល់ឬផ្សាយដំណឹងអំពីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ទស្សនិកជនពិភពលោក ទាំងមូលតាមរយៈ៦៨ភាសា ឆ្លងតាមរយៈការទស្សនាកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទស្សនិកជននៅទូទាំងពិភពលោក បានចែករំលែកនូវភាពសប្បាយរីករាយរបស់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងទទួលយកនូវភាពទាក់ទាញដ៏ពិសេស របស់វប្បធម៌ប្រជាជាតិចិន រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក៏បានក្លាយទៅជានាមប័ណ្ណវប្បធម៌ សម្រាប់ឱ្យពិភពលោកឈានចូលប្រទេសចិន និងយល់ដឹងពីប្រទេសចិនដែរ។

ប្រទេសចិនក៏រីករាយផ្សព្វផ្សាយសិរីមង្គល របស់បុណ្យប្រពៃណីចិននេះទៅកាន់ពិភពលោក រួមសហការជាមួយបណ្តាប្រទេសនានា ផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌ នៅលើពិភពលោក ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងរៀនសូត្រ ពីគ្នារវាងអរិយធម៌ខុសៗគ្នាផងដែរ ។
ការបើកទូលាយដោយគ្រប់ជ្រុងជ្រោយជុំថ្មី ដែលមានក្របខណ្ឌកាន់តែធំ វិស័យកាន់តែទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ បាននិងកំពុងផ្តល់កម្លាំងចលករឥតឈប់ឈរដល់សេដ្ឋកិច្ចចិន ចំណែកឯ "សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន" បាននិងកំពុងជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់សកលឱ្យរក្សាដំណើរការយ៉ាងលឿន នេះហើយក៏ជាការឆ្លុះបញ្ចាំងដ៏រស់រវើកនៃការបើកទូលាយ កម្រិតខ្ពស់របស់សេដ្ឋកិច្ចចិនផងដែរ។

ស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះបូករួមទាំងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ បានសម្គាល់ឃើញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់យ៉ាងពេញលេញជាទូទៅ ព្រមពេលជាមួយគ្នានេះ បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនGDPរបស់ប្រទេសចិននៅឆ្នាំ២០២៤។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន សេដ្ឋកិច្ចចិននៅតែរក្សានិន្នាការងើបឡើងវិញ និងកើនឡើងដោយនឹងនរ គួបផ្សំទាំងភាពអ៊ូអររបស់ទីផ្សារប្រើប្រាស់ក្នុងបុណ្យចូលឆ្នាំថ្មីចិនទៀត បានបង្ហាញឱ្យឃើញនូវសក្តានុពលធំ ក្នុងទីផ្សារចិន ភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិន និងឥរិយាបថរបស់ប្រជាជនចិន ដែលមានវិចារណញ្ញាណនិងជំនឿចិត្តលើខ្លួនឯង ។ ប្រទេសចិនជាទីផ្សារប្រើប្រាស់ដ៏ធំធេង សហគ្រាសនៃបណ្តាប្រទេសនានា លើសកលលោកសុទ្ធតែរំពឹងចង់ស្វែងយល់ពីប្រទេសចិន និងធ្វើអាជីវកម្មនៅប្រទេសចិន ហើយសុទ្ធតែសង្ឃឹមថានឹងទទួលបាន ការអភិវឌ្ឍនិងសមិទ្ធផលក្នុងទីផ្សារ ដែលមានសក្តានុពលដ៏ធំធេងមួយនេះ។

ឆ្នាំ២០២៤ ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិននឹងពន្លឿន ការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯង ប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្រសោបយ៉ាងសកម្ម ជាមួយពិភពលោក ចាប់ដៃគ្នាជាមួយបណ្តាប្រទេសនានា ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ដើម្បីរួមចំណែកកាន់តែថ្មីនិងកាន់តែធំ ក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន