(ប៉េកាំង)៖ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន បានកើតឧប្បត្តិហេតុម្តងទៀតហើយ។ កាលពីថ្ងៃទី៨ខែកុម្ភៈ សហគ្រាសអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរដ៏ធំបំផុតរបស់ជប៉ុននេះ បានថ្លែងថា ហេតុការណ៍បែកធ្លាយនៃសំណង់ចម្រោះទឹក វិទ្យុសកម្មនុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរទីមួយ Fukushima ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ប្រហែលជាកំហុស ដែលបង្កឡើងដោយមនុស្ស។

តាមការផ្សាយនៃប្រព័ន្ធសារព័ត៌មានតំបន់ Fukushima ឱ្យដឹងថា ហេតុការណ៍លើកនេះបានបណ្តាលឱ្យទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ប្រហែលទម្ងន់៥,៥តោនត្រូវធ្លាយចេញ។ តាមការប៉ាន់ប្រមាណ ចំនួនសារធាតុវិទ្យុសកម្មក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ដែលត្រូវធ្លាយចេញ គឺឡើងដល់២ម៉ឺន២ពាន់លាន Becquerel ទិន្នន័យនេះលើសពីស្តង់ដារ ដែលត្រូវរាយការណ៍ជូន រដ្ឋាភិបាលយ៉ាងច្រើន។ ប្រព័ន្ធសារព័ត៌មាន ក្នុងតំបន់បានលើកឡើងថា កម្រិតវិទ្យុសកម្មនៃកន្លែងកើតហេតុប្រហែលជា២៤០ដង នៃតំបន់ជិតខាង។

មជ្ឈដ្ឋានខាងក្រៅយល់ឃើញថា ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនកើតឧប្បត្តិហេតុម្តងទៀត វាមិនមែនជារឿងចៃដន្យទេ ។ ចាប់ពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរទីមួយ Fukushima កើតឧប្បត្តិហេតុនៅឆ្នាំ២០១១មក ក្រុមហ៊ុននេះ ក៏បានកើតមានឧប្បត្តិហេតុ វិបត្តិនិងរឿងអាស្រូវគ្រប់ប្រភេទជាញឹកញាប់ដែរ។ មួយផ្នែកគឺកើតឧប្បត្តិហេតុនិងវិបត្តិ ជាបន្តបន្ទាប់ មួយផ្នែកទៀត បានប្រកាសថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រគឺប្រកបដោយ “សុវត្ថិភាព”និង “អាចទុកចិត្តបាន” ។ អ្នកផងទាំងពួងមានហេតុផលយ៉ាងពេញលេញចោទ ជាមន្ទិលសង្ស័យថា ភាគីជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ទៅក្នុងសមុទ្រ គឺមានចន្លោះប្រហោងយ៉ាងខ្លាំង។

ប្រការនេះក៏ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ មានភាពកាន់តែមុតមាំ ចំពោះការវិនិច្ឆ័យអំពីបញ្ហាគន្លឹះចំនួនបី៖ ទី១ ក្រុមហ៊ុនថាមពលអគ្គិសនី ក្រុងតូក្យូ របស់ជប៉ុនគ្មានសមត្ថភាពក្នុងការធានាសុវត្ថិភាពនៃការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរនោះទេ ។ ឆ្លងតាមរយៈហេតុការណ៍នីមួយៗ អ្នកផងទាំងពួងបានរកឃើញថា ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន មានក្នុងចន្លោះប្រហោងយ៉ាងខ្លាំង ក្នុងវិស័យសមត្ថភាពគ្រប់គ្រងសន្តិសុខ និងដំណើរការចាត់ចែងទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ហើយក៏ខ្វះស្មារតីស្មោះត្រង់ និងភាពទទួលខុសត្រូវ ចំពោះសង្គមជាមូលដ្ឋាន។ រាល់ពេលកើតមានហេតុការណ៍ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន មិនមែនពិនិត្យកំហុសរបស់ខ្លួននោះទេ តែគឺរកលេសគ្រប់បែបយ៉ាងដើម្បីបិទបាំងការពិត។

ទី២ រដ្ឋាភិបាលជប៉ុនមានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន។ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន កើតមានហេតុការណ៍ជាបន្តបន្ទាប់ តែហេតុអ្វីបានជាស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុន ធ្វើដូចជាមិនឃើញកំណត់ត្រា ដ៏អាក្រក់ទាំងនេះ? បញ្ញវ័ន្តជប៉ុនជាច្រើនបានលើកឡើងថា រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនមានទំនាក់ទំនងផលប្រយោជន៍យ៉ាងជិតស្និទ្ធ ដូច្នេះ គឺពិបាកដើរតួនាទីត្រួតពិនិត្យយ៉ាងពិតប្រាកដបានទេ។
ទី៣ សហគមន៍អន្តរជាតិចាំបាច់ត្រូវចូលរួម ការត្រួតពិនិត្យការចាត់ចែងទឹកវិទ្យុសកម្មនុយក្លេអ៊ែររបស់ជប៉ុន ។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរយ៉ាងច្រើនទៅក្នុងសមុទ្រ គឺមិនដែលកើតមានលើផ្ទៃអន្តរជាតិទេ។ នេះមិនមែនជារឿងផ្ទៃក្នុងរបស់ជប៉ុនតែប៉ុណ្ណោះទេ វាគឺពាក់ព័ន្ធនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។

ហេតុការណ៍ជាបន្តបន្ទាប់បានបញ្ជាក់ថា គ្រាន់តែពឹងផ្អែកទៅលើរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុន គឺមិនអាចធានាឱ្យសំណង់ចម្រោះទឹកវិទ្យុសកម្មនុយក្លេអ៊ែរ និងសំណង់បង្ហូរទឹកសំណល់ទៅក្នុងសមុទ្រដំណើរការ ប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាព ក្នុងរយៈពេលជាយូរបានទេ។ សហគមន៍អន្តរជាតិមានហេតុផលដ៏ពេញលេញ ក្នុងការចូលរួមការត្រួតពិនិត្យក្នុងដំណើរទាំងមូល ភាគីជប៉ុនគួរតែសហការគ្នាដោយគ្រប់ជ្រុងជ្រោយ។

ចាប់ពីខែសីហា ឆ្នាំ២០២៣មក ជប៉ុនបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រចំនួន៣ជុំ ដែលបានបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ សរុបលើស ពី២ម៉ឺន៣ពាន់តោន។ ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរជុំទីបួននឹងចាប់ផ្តើមនៅចុងខែនេះ ។ ឧប្បត្តិហេតុថ្មីបំផុតនៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុនបានផ្តល់ការព្រមានម្តងទៀតចំពោះភាគីជប៉ុន ។ អ្នកនយោបាយជប៉ុនគួរតែបង្ហាញពីទំនួលខុសត្រូវនិងវិចារណញាណ ដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវគ្រោះថ្នាក់លាក់បាំងខាងសន្តិសុខ នៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ បញ្ឈប់អនុវត្តផែនការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរជំហានក្រោយ ហើយពិគ្រោះពិភាក្សាជាមួយសហគមន៍អន្តរជាតិ ដើម្បីរកឃើញផែនការចាត់ចែងទឹកសំណល់ ដែលអាចទទួលបានការទទួលស្គាល់ជាទូទៅ ពីសំណាក់ភាគីនានា៕

វិទ្យុមិត្តភាពកម្ពុជាចិន