(ប៉េកាំង)៖ ថ្ងៃទី៩ ខែកុម្ភៈ ជាថ្ងៃចុងក្រោយនៃប្រតិទិនតាមចន្ទគតិរបស់ប្រទេសចិន។ នៅវេលាម៉ោង ៨ ល្ងាចនៅទីក្រុងប៉េកាំង កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន (ហៅកាត់ថា "កម្មវិធីរាត្រីសមោសរ") ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជួបជាមួយទស្សនិកជនទូទាំងពិភពលោកតាមការគ្រោងទុក។ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ "កម្មវិធីរាត្រីសមោសរ"នេះ បានផ្ទុកនូវមនោសញ្ចេតនាដ៏ពិសេសរបស់ប្រជាជនចិននៅជុំវិញពិភពលោក ដែលមិនអាចខ្វះបាន សម្រាប់ប្រជាជនចិន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន។ ជាពិសេស អង្គការសហប្រជាជាតិបានកំណត់ ពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ ដោយបានផ្តល់សារៈសំខាន់ជាសកលសម្រាប់ "កម្មវិធីរាត្រីសមោសរ"នេះ។

"កម្មវិធីរាត្រីសមោសរ"ឆ្នាំ ២០២៤ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី "កម្មវិធីរាត្រីសមោសររបស់ប្រជាជន" ដែលអញ្ជើញប្រជាជនសាមញ្ញមកពីគ្រប់វិស័យ ក្នុងប្រទេសចិនក្លាយជាតួឯកនៃ "កម្មវិធីរាត្រីសមោសរ" ឆ្នាំ២០២៤នេះ ។ កម្មវិធីទាំងមូលគឺពោរពេញទៅដោយស្មារតី នៃយុគសម័យថ្មីដែលមានកម្លាំងរស់រវើក និងបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ប្រជាជនចិនក្នុងការស្វែងរកជីវភាពកាន់តែប្រសើរឡើង។

"កម្មវិធីរាត្រីសមោសរ"ឆ្នាំ២០២៤នេះ ក៏បានបង្កើតប្រព័ន្ធផលិតកម្មHDដែលរួមបញ្ចូលទាំងសិប្បនិម្មិត និងពិតៗ ដោយបង្កើតជាសាលស្ទីឌីយ៉ូ "កម្មវិធីរាត្រីសមោសរ" ឱ្យទៅជាវេទិកាដ៏ទាក់ទាញ និងអស្ចារ្យមួយ។ នៅឆ្នាំ ២០២៤ នេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបង្កើតសាខាទីតាំងកម្មវិធីនៅទីក្រុង Shenyang ខេត្ត Liaoning ទីក្រុង Changsha ខេត្ត Hunan ទីក្រុង Xi'an ខេត្ត Shaanxi និងទីក្រុង Kashgar ភូមិភាគស្វយ័តស៊ីនជាំង ដែលរមជាមួយទីតាំងធំនៅទីក្រុងប៉េកាំង ដើម្បីបង្ហាញនូវ "កម្មវិធីរាត្រីសមោសរ" ឆ្នាំរោងដែលបង្កប់នូវវប្បធម៌ប្រជាប្រិយដ៏សម្បូរបែប នៅទូទាំងប្រទេសចិន។

"កម្មវិធីរាត្រីសមោសរ" ឆ្នាំនេះ ក៏ជាកម្មវិធីទូទាំងពិភពលោកផងដែរ។ ជាមួយនឹងបទចម្រៀង «ចែករំលែកសុភមង្គល» អ្នកប្រើអ៊ីនធឺណេតជុំវិញពិភពលោកបានរាំលេង តាមចង្វាក់ភ្លេងប្រធានបទឆ្នាំរោង បរិយាកាសអ៊ូអរបុណ្យចូលឆ្នាំចិនបានសាយភាយ ពាសពេញពិភពលោក។ យប់នេះ អេក្រង់ ជាង ៣០០០ នៅក្នុងប្រទេសចំនួន៤៩ និងទីក្រុងចំនួន ៩០ នៃទ្វីបចំនួន ៦ នឹងធ្វើការផ្សាយផ្ទាល់ និងរាយការណ៍ពី "កម្មវិធីរាត្រីសមោសរ" របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយទស្សនិកជនរាប់ពាន់នាក់នៅក្រៅប្រទេស នឹងចែករំលែកភាពសប្បាយរីករាយ និងសិរីមង្គលនៃបុណ្យចូលឆ្នាំចិន។ .

ទស្សនិកជនជុំវិញពិភពលោកចែករំលែក នូវភាពទាក់ទាញពិសេសនៃពិធីបុណ្យចូលឆ្នាំចិននិងវប្បធម៌ចិន ជាមួយនឹង បទចម្រៀងកម្សាន្តសប្បាយ និងសូមស្វាគមន៍ទទួលឆ្នាំថ្មី ដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន