(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានរួមគ្នាទទូចឱ្យក្រុមតំណាងរាស្រ្តអាមេរិក អនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ដែលត្រូវបានពន្យារពេលយូរមកហើយ ខណៈមេដឹកនាំទាំងពីរបានព្រមានថា ទីក្រុងកៀវនឹងមិនអាចទប់ទល់ការឈ្លានពានរបស់រុស្ស៉ីបានតទៀតឡើយ ដោយគ្មានកញ្ចប់ជំនួយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោក Scholz នៅសេតវិមាន លោក បៃដិន បានលើកឡើងថា ការដែលសភាអាមេរិកបរាជ័យ ក្នងការគាំទ្រអ៊ុយក្រែន គឺសឹងតែស្មើទៅនឹងការព្រងើយកន្តើយចំពោះសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនយ៉ាងដូច្នោះ ហើយលោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា វាគឺជារឿងជ្រុលហួសហេតុខ្លាំងណាស់។

ចំណែកលោកអធិការបតីអាល្លឺំម៉ង់វិញ បាននិយាយថា រូបលោកសង្ឃឹមថា នឹងមានភាពរីកចម្រើនទៅមុខ នៃការផ្តល់កញ្ចប់ជំនួយទំហំ​រាប់សិបពាន់លានដុល្លាររបស់អាមេរិក សម្រាប់អ៊ុយក្រែន ហើយលោក Scholz បានព្រមានថា ប្រសិនបើគ្មានការបន្តគាំទ្រពីអាមេរិក ​និងក្រុមប្រទេសអឺរ៉ុបទេនោះ អ៊ុយក្រែនមុខជាគ្មានឱកាសការពារប្រទេសរបស់ខ្លួន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី បានតទៀតឡើយ។

នាពេលនេះ ព្រឹទ្ធសភាអាមេរិក កំពុងស្ថិតក្នុងដំណើរការតស៊ូមតិជុំវិញសេចក្តីព្រាងកញ្ចប់ថវិកា ដែលរួមមានការបង្កើតលំហូរ​សព្វាវុធឡើងវិញ សម្រាប់កងទ័ពអ៊ុយក្រែន ប៉ុន្តែបើទោះបីឆ្លងផុតព្រឹទ្ធសភាក៏ដោយ វានឹងត្រូវប្រឈមឧបសគ្គកាន់តែលំបាកជាងនេះទៅទៀត នៅឯសភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ បក្សសាធារណរដ្ឋកំពុងតែព្យាយាមភ្ជាប់ជំនួយអ៊ុយក្រែន ទៅនឹងការទាមទាររបស់ពួកគេ ដែលចង់ឱ្យមានចំណាត់ការរឹងមាំជាងមុននៅព្រំដែនម៉ិកស៉ិក ទាក់ទងបញ្ហាអន្តោប្រវេសន៍។

គួរបញ្ជាក់ថា សេចក្តីព្រាងកញ្ចប់ថវិកាខាងលើ ដែលផ្តួចផ្តើមឡើងដោយព្រឹទ្ធសភាអាមេរិក នឹងបើកឱ្យមានការផ្តល់ជំនួយយោធាទំហំ​៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ ចំណែកនៅអឺរ៉ុបឯណោះវិញ ក្រុមមេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប (EU) កាលពីសប្តាហ៍មុន នៅទីបំផុតបានជម្នះឧបសគ្គដែលផ្តើមចេញពីនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ហើយផ្តល់ភ្លើងបៃតងសម្រាប់ការផ្តល់​ជំនួយសេដ្ឋកិច្ចទំហំ៥០ពាន់លានអឺរ៉ូ ឬស្មើនឹង៥៤ពាន់លានដុល្លារអាមេរិក សម្រាប់រដ្ឋាភិបាលទីក្រុងកៀវ៕

រូបភាពពី Reuters