(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់នាថ្ងៃសៅរ៍នេះ បានប្រកាសពីការប្រទះឃើញបាឡុងចិនសរុប៨គ្រឿង នៅច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេល​២៤ម៉ោងចុងក្រោយ ហើយក្នុងនោះ២គ្រឿង បានហោះកាត់ពីលើដែនកោះនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

តៃវ៉ាន់បានរិះគន់វត្តមានបាឡុងចិនតាំងតែពីខែធ្នូ ឆ្នាំមុនមកម្ល៉េះ ដោយចោទថា ពួកវាបង្កការគំរាមកំហែងចំពោះ សុវត្ថិភាពចរចារណ៍ផ្លូវអាកាស ហើយជាសកម្មភាពប៉ុនប៉ងធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងមកលើប្រជាជនតៃវ៉ាន់។ ក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីសកម្មភាពយោធាចិន ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានប្រទះឃើញបាឡុង១គ្រឿងដំបូង កាលពីព្រឹកថ្ងៃសុក្រ និង១គ្រឿងចុងក្រោយគេ កាលពីយប់ថ្ងៃដដែល។ ក្នុងនោះ បាឡុង២គ្រឿង បានហោះកាត់ពីលើផ្នែកភាគខាងជើងនៃកោះតៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ រដ្ឋាភិបាលចិនបានចេញមុខច្រានចោល ការរិះគន់របស់តៃវ៉ាន់ពាក់ព័ន្ធវត្តមានបាឡុងទាំងនោះ ដោយ​អះអាងថា ពួកវាគឺសម្រាប់បម្រើគោលដៅវិស័យឧតុនិយមប៉ុណ្ណោះ ហើយមិនគួរបំប៉ោងរឿងនេះ ដើម្បីតែហេតុផលនយោបាយឡើយ។ កាលពីខែមករា តៃវ៉ាន់បានបោះឆ្នោតជ្រើសរើស មេដឹកនាំរងបច្ចុប្បន្នរបស់ខ្លួន គឺលោក Lai Ching-te ឱ្យធ្វើមេដឹកនាំបន្ទាប់ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅខែឧសភា ឆ្នាំនេះ ខណៈរូបលោកត្រូវបានចិន មើលឃើញជា​បុគ្គលចង់ផ្តាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ប្រទេសចិន៕

រូបភាពពី Reuters