(ឌូបៃ)៖ ប្រភពយោធាបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿង នៅភាគខាងលិចទីក្រុងដាម៉ាសនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយគូសបញ្ជាក់បន្ថែមថា យន្តហោះដ្រូនទាំងពីរគ្រឿងនោះ បានហោះចេញមកពីទិសដៅនៃតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ឆ្ពោះទៅភាគខាងលិចនៃរដ្ឋធានី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញបញ្ហានេះ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយបរទេសនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសស៊ីរី បានរាយការណ៍មុននេះថា ប្រព័ន្ធការពារដែនអាកាសបានឆ្លើយតបទៅនឹង «គោលដៅអរិភាព» នៅក្នុងតំបន់ជុំវិញទីក្រុង Damascus។

ចាប់តាំងពីខែធ្នូ ការវាយឆ្មក់របស់អ៊ីស្រាអែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍ជាង ៦នាក់ រួមទាំងឧត្តមសេនីយស៊ើបការណ៍ជាន់ខ្ពស់ម្នាក់ផងដែរ។ ដោយឡែក យោធាអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីដើមខែនេះ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប្រឆាំងនឹងគោលដៅជាង ៨៥ ដែលមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពលដែលអ៊ីរ៉ង់គាំទ្រ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារនៅប្រទេសហ្ស៊កដានីក្នុងខែមករា ដែលបានសម្លាប់ទាហានអាមេរិកបីនាក់។

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានទទួលរងនូវការវាយប្រហារខ្លាំងបំផុតមួយ នៅក្នុងប្រទេសស៊ីរីចាប់តាំងពីមួយទសវត្សរ៍មកនេះ ដើម្បីជួយដល់ប្រធានាធិបតី លោក Bashar Assad ក្នុងសង្គ្រាមស៊ីរី ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលធ្វើការវាយប្រហារប្រឆាំង នឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេស។

ប្រភពព័ត៌មានបានប្រាប់ Reuters ថា ជាលទ្ធផលឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ បានសម្រេចដកមន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយចំនួន។ កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីបាននិយាយថា អ៊ីរ៉ង់នៅតែ «មានវត្តមាន» នៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ គ្រោងនឹងធ្វើទស្សនកិច្ចនៅលីបង់នៅថ្ងៃសុក្រសប្តាហ៍នេះ និងបន្ទាប់មកនៅដើមសប្តាហ៍ក្រោយ នឹងទៅទីក្រុងដាម៉ាស ដើម្បីជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់៕

រូបភាពពី AFP