(ហ្សឺណេវ)៖ អង្គការយូនីសេហ្វ បានឱ្យដឹងមនៅថ្ងៃសុក្រនេះថា កុមារប្រមាណជាង ៧០០,០០០ នាក់នៅក្នុងប្រទេសស៊ូដង់ អាចទទួលរងនូវទម្រង់ធ្ងន់ធ្ងរ នៃកង្វះអាហារូបត្ថម្ភនៅឆ្នាំនេះ ដោយកុមាររាប់ម៉ឺននាក់អាចនឹងស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សង្រ្គាមរយៈពេល ១០ ខែរវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ជំរុញឱ្យមានការព្រមានអំពីទុរ្ភិក្ស និងបានជម្លៀសប្រជាជនរាប់លាននាក់នៅក្នុង និងក្រៅប្រទេស។

អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ផលវិបាកនៃសង្រ្គាមរយៈពេល ៣០០ ថ្ងៃកន្លងមកនេះ មានន័យថា កុមារជាង ៧០០,០០០ នាក់ នឹងទទួលរងទម្រង់ នៃកង្វះអាហារូបត្ថម្ភដ៏គ្រោះថ្នាក់បំផុតនៅឆ្នាំនេះ»។ លោកបានសង្កត់ធ្ងន់ថា «បើគ្មានការទទួលបានភាពប្រសើរឡើង និងការគាំទ្របន្ថែមទៀតទេ អង្គការយូនីសេហ្វ នឹងមិនអាចព្យាបាលអ្នកជំងឺលើសពី ៣០០,០០០ បានទេ។ ក្នុងករណីនោះ មនុស្សរាប់ម៉ឺននាក់អាចស្លាប់»

លោក Elder បានកំណត់ទម្រង់គ្រោះថ្នាក់បំផុតនៃកង្វះអាហារូបត្ថម្ភថា ជាកង្វះអាហារូបត្ថម្ភស្រួចស្រាវ ដែលធ្វើឲ្យកុមារងាយនឹងស្លាប់ដោយសារជំងឺ ដូចគ្នានឹងជំងឺអាសន្នរោគ និងគ្រុនចាញ់ដែរ។ លោក​បាន​បន្ត​ថា កុមារ​ប្រមាណ ៣.៥ លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរបែបនេះ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានជំរុញឱ្យប្រទេសនានាកុំភ្លេចជនស៊ីវិលដែលជាប់ក្នុងសង្គ្រាមស៊ូដង់ ដោយអំពាវនាវរកប្រាក់ចំនួន ៤.១ ពាន់លានដុល្លារដើម្បីបំពេញតម្រូវការមនុស្សធម៌ និងគាំទ្រអ្នកដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

យោងតាមអង្គការសហប្រជាជាតិ ពាក់កណ្តាលនៃប្រជាជនស៊ូដង់ ដែលមានប្រហែល ២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ខណៈដែលមនុស្សជាង ១.៥ លាននាក់បានភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង៕

 

 

រូបភាពពី Reuters