(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) នាថ្ងៃសុក្រនេះ បាននិយាយថា មនុស្សបន្តកើនដល់យ៉ាងហោច ចំនួនជិត ២៨,០០០នាក់ហើយ បានបាត់បង់ជីវិតក្នុងសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៉ីស្រាអែល ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍នៃក្រសួងសុខាភិបាលតំបន់ Gaza បានអះអាងថា មនុស្ស២៧,៩៤៧នាក់ហើយបានស្លាប់ និងសរុប៦៧,៤៥៩នាក់ ក៏បានទទួលរងរបួសផងដែរ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំលុងសង្រ្គាមរបស់អ៉ីស្រាអែល ដែលកំពុងបន្តអូសបន្លាយ អស់រយៈពេលជាង៤ខែមកហើយ។ យោងតាមប្រភពដដែល មានជនជាតិប៉ាឡេស្ទីនសរុប១០៧នាក់ បានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នៅតែប្តេជ្ញាបន្តធ្វើសង្រ្គាមរហូតទាល់​តែទទួលបានជ័យជម្នះទាំងស្រុង លើក្រុមហាម៉ាស។

គួរបញ្ជាក់ថា សង្រ្គាមនៅ Gaza បានចាប់ផ្តើមដំបូង នៅពេលដែលក្រុមហាម៉ាស បានបើកការឆ្មក់វាយលុកទ្រង់ទ្រាយធំ មិនធ្លាប់មានលើ​ភាគខាងត្បូងអ៉ីស្រាអែលមុន ជាហេតុបង្កឱ្យមានមនុស្សស្លាប់ខ្ទង់១,២០០នាក់ ភាគច្រើនជាជនស៉ីវិល។ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏បានចាប់​មនុស្សប្រហែល២៥០នាក់ យកទៅតំបន់ Gaza នាពេលនោះ ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ។ មកទល់ពេលនេះ ចំណាប់ខ្មាំងជាង១០០នាក់ ត្រូវបានដោះលែងវិញ និងមួយចំនួនបានបាត់បង់ជីវិត៕

រូបភាពពី AFP