(ប៉េកាំង)៖ នៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ (គឺថ្ងៃដាច់ឆ្នាំចិន) តាមម៉ោងក្រុងប៉េកាំង កម្មវិធីទូរទស្សន៍ដ៏អស្ចារ្យប្រចាំឆ្នាំ ដែលគួរឱ្យចាប់អារម្មណ៍បំផុតលើពិភពលោកនឹងចាប់ផ្តើមប្រារព្ធឡើង។ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងជួបជាមួយទស្សនិកជនទូទាំងពិភពលោកតាមការណាត់។

ក្នុងនាមជាកម្មវិធីទូរទស្សន៍​ ដែលមានទស្សនិកជនច្រើនបំផុតលើពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាមហោស្រពវប្បធម៌ដ៏ឱឡារិកមួយ សម្រាប់ជនជាតិចិន ជុំវិញពិភពលោកដើម្បីចែករំលែកភាពសប្បាយរីករាយ និងអបអរឆ្នាំថ្មីចិន ហើយថែមទាំងផ្តល់ឱ្យពិភពលោក នូវបង្អួចមួយសម្រាប់ឈ្វេងយល់ពីវប្បធម៌ចិន និងពិធីបុណ្យចូលឆ្នាំថ្មីចិនផងដែរ។

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានចាក់ផ្សាយនៅយប់ថ្ងៃដាច់ឆ្នាំចិន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៣ ដែលបានប្រារព្ធឡើង ៤១លើកជាប់ៗគ្នា។ នៅឆ្នាំនេះ វានឹងចែករំលែកភាពទាក់ទាញ នៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិនទៅកាន់ពិភពលោកម្តងទៀត។

បណ្តាញ CGTN (បណ្តាញទូរទស្សន៍អន្តរជាតិចិន) ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មី ទៅកាន់បរទេសដោយប្រើ ៦៨ ភាសា នឹងរួមសហការជាមួយប្រព័ន្ធផ្សព្វផ្សាយជាង ២១០០ នៃប្រទេសនិងតំបន់ចំនួន ២០០ ជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា សហរដ្ឋអាមេរិក កាណាដា រុស្ស៊ី ជប៉ុន និងឡាវ ដើម្បីផ្សាយបន្តផ្ទាល់និងរាយការណ៍ពីកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន